ព័ត៌មានអន្តរជាតិ

អ្នកសង្កេតការណ៍ថៃ៖ ការប៉ុនប៉ងការប្រែច្បាប់ប្រមាថព្រះមហាក្សត្រ អាចនឹងធ្វើឱ្យរង្គោះរង្គើដល់ MoU ក្នុងគណបក្សទាំង៨

បរទេស៖ វិសោធនកម្មមាត្រ ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រ គឺជាការសន្យាយុទ្ធនាការដ៏សំខាន់របស់គណបក្ស មូវ ហ្វ វ៉ើដ (MFP) ប៉ុន្តែសំណួរបានកើតឡើងថាតើគណបក្ស នឹងអាចបន្តបញ្ហានេះបានដែរឬទេ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ផ្នែកខ្លះ នៃអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដែលចុះហត្ថលេខាដោយសម្ព័ន្ធភាពដែលដឹកនាំដោយបក្ស មូវ ហ្វ វ៉ើដ អាចបញ្ចប់ជាការសងសឹកលើគណបក្ស មូវ ហ្វ វ៉ើដ ប្រសិនបើគណបក្សនេះបន្តជាមួយនឹងផែនការរបស់ខ្លួន ដើម្បីកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រដែលមានលក្ខណៈរសើបខ្លាំង។

MoU ដែលបង្ហាញពីគោលនយោបាយ ដែលគណបក្សទាំងប្រាំបីចង់បន្តនៅពេលកាន់តំណែងនោះ បញ្ជាក់ពីឋានៈរបស់ប្រទេសជាលទ្ធិប្រជាធិបតេយ្យ ក្រោមរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងឋានៈមិនអាចរំលោភបាននៃព្រះមហាក្សត្រ។

គេក៏និយាយផងដែរថាភាគីទាំងអស់មានសិទ្ធិតស៊ូមតិ សម្រាប់គោលនយោបាយបន្ថែមដរាបណា ពួកគេមិនធ្វើអ្វីដែលផ្ទុយនឹងគោលនយោបាយ ដែលមានចែងក្នុងកិច្ចព្រមព្រៀង។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយកាសែតបាងកកប៉ុស្តិ៍ មេដឹកនាំរងគណបក្ស មូវ ហ្វ វ៉ើដ លោកស្រី សេរីកាន់យ៉ា តាន់សាគុណ (Sirikanya Tansakun) ទទូចថា MoU នឹងមិនធ្វើឱ្យខូចដល់ផែនការរបស់គណបក្សនោះទេ ហើយវាគឺគ្រាន់តែជាបញ្ហា នៃពេលវេលាប៉ុណ្ណោះ មុនពេលគណបក្ស មូវ ហ្វ វ៉ើដ ជំរុញទៅមុខជាមួយនឹងសំណើដើម្បីធ្វើកំណែទម្រង់ច្បាប់៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top