Event

ប្រព័ន្ធ SIS របស់មិត្តហ្វូន ទទួលពានរង្វាន់ជា «ដំណោះស្រាយ IT សម្រាប់ធុរកិច្ច ល្អបំផុតប្រចាំឆ្នាំ»

ភ្នំពេញ៖ ប្រព័ន្ធអប់រំឌីជីថលនៅលើ អនឡាញរបស់ក្រុមហ៊ុន មិត្តហ្វូន ត្រូវបានផ្ដល់ចំណាត់ថ្នាក់ជា«ដំណោះស្រាយបច្ចេកវិទ្យា ព័ត៌មានធុរកិច្ចល្អបំផុតប្រចាំឆ្នាំ» ដោយស្ថាប័ន Globee Awards ដែលជាកម្មវិធីផ្ដល់ពានរង្វាន់ និងចំណាត់ថ្នាក់ធុរកិច្ចអន្តរជាតិ ដ៏ល្បីល្បាញមួយ ។

ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន មិត្តហ្វូន ដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដោយសហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ។

យោងតាមផែនការ SIS នឹងត្រូវដាក់ពង្រាយ នៅតាមសាលារៀនចំនួន ១០០០កន្លែង នៅទូទាំងប្រទេសកម្ពុជា ហើយនៅដំណាក់កាលដំបូង ប្រព័ន្ធនេះត្រូវបានសាលារៀនចំនួន ៣០០កន្លែង បានប្រើប្រាស់រួចជាស្រេចហើយ ដោយក្នុងនោះមានសិស្សចំនួនជាង ៣០០.០០០នាក់ និងគ្រូជាង ២០.០០០នាក់ ។ នេះបើយោងតាមការឲ្យដឹង ពីគណៈគ្រប់គ្រងរបស់ មិត្តហ្វូន ។

លោក ហ្វុង វ៉ាន់ គឿង អគ្គនាយកក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ប្រព័ន្ធ SIS ត្រូវបានទទួលស្គាល់ ដោយស្ថាប័នអន្តរជាតិ Globee Awards ថាជាកម្មវិធីអប់រំឌីជីថលមួយ ដែលស្ថិតក្នុងចំណោមកម្មវិធី លំដាប់កំពូលៗនៅលើពិភពលោក ។

លោកបានថ្លែងប្រាប់យ៉ាងដូច្នេះថា «រួមគ្នាជាមួយនឹងក្រុមហ៊ុន បច្ចេកវិទ្យាយក្សៗ នៅលើពិភពលោក ដូចជា IBM, HP និង Samsung ដែរ ក្រុមហ៊ុនមិត្តហ្វូនប្រចាំកម្ពុជា សម្រេចបាននូវចំណាត់ថ្នាក់លំដាប់កំពូល នៅក្រោមចំណាត់ប្រភេទ នៃពានរង្វាន់ធុរកិច្ចឆ្នើមអន្តរជាតិ ដោយទទួលបានទាំង ពានរង្វាន់មាសនិងប្រាក់ សម្រាប់ប្រព័ន្ធអប់រំឌីជីថលរបស់ខ្លួន ។»

លោកបានបន្ថែមថា «ពានរង្វាន់ទាំងនេះបញ្ជាក់ជាថ្មីម្ដងទៀត អំពីភាពឈានមុខគេរបស់ មិត្តហ្វូន នៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ។ ហើយសមិទ្ធផលនេះ កាន់តែលើកទឹកចិត្តដល់ ក្រុមហ៊ុនបន្ថែមទៀត ក្នុងការនាំមកនូវនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា និងឌីជីថលច្រើនថែមទៀត មកក្នុងទីផ្សារកម្ពុជា ។»

យោងតាមក្រុមហ៊ុន មិត្តហ្វូន បានឲ្យដឹងថា ប្រព័ន្ធ SIS ផ្ដល់នូវអត្ថប្រយោជន៍ ៣ សំខាន់ៗ ដល់អ្នកប្រើប្រាស់ ។ ទីមួយ ប្រព័ន្ធនេះផ្ដល់នូវកម្មវិធីអនឡាញមួយ ដែលអ្នកប្រើប្រាស់អាចចូល ប្រើវាបានដោយប្រើអ៊ីនធឺណិត ។ ទីពីរ ប្រព័ន្ធនេះផ្ដល់កម្មវិធីសិក្សា បត់បែនបានដើម្បីបំពេញតាម តម្រូវការរបស់សាលារៀន និងទីបី វាផ្ដល់នូវអត្ថប្រយោជន៍ ផ្នែកតភ្ជាប់ដោយអ្នកប្រើប្រាស់ ប្រព័ន្ធទូរសព្ទមិត្តហ្វូន អាចចូលប្រើប្រព័ន្ធ SIS ដោយមិនគិតថ្លៃអ៊ីនធឺណិត ។ គម្រោង SIS បង្កើតឡើងក្នុងគោលដៅចូលរួម ចំណែកដល់កិច្ចអភិវឌ្ឍន៍នៃ វិស័យអប់រំរបស់កម្ពុជា តាមរយៈការផ្ដល់សេវាកម្មឌីជីថល ដល់សាលារៀនជាង ១០០០កន្លែង នៅទូទាំងប្រទេស ។

គម្រោងឌីជីថលមួយនេះ មានគោលបំណងលើកកម្ពស់ បទពិសោធន៍របស់សិស្សានុសិស្ស តាមរយៈ៖
-បង្កលក្ខណៈឲ្យសិស្ស ចូលប្រើតាមរយៈ កម្មវិធីអេបទូរសព្ទដៃ ឬកម្មវិធីនៅលើអនឡាញ
-ផ្ដល់ជម្រើសសម្បូរបែប សម្រាប់ការសិក្សាតាមអនឡាញ
-ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីតាមដានលទ្ធផល សិក្សារបស់សិស្ស និងពង្រឹងកម្មវិធីអន្តរាគមន៍
-ផ្ដល់លទ្ធភាពដល់បុគ្គលិកសិក្សា ក្នុងការរៀបចំចាត់ចែង ថ្នាក់រៀននៅលើអនឡាញ ៕

Most Popular

To Top