Event

ក្រុមហ៊ុនវ៉េកហ្វាម៉ា ឯ.ក ទទួលបានសិទ្ធដំបូងគេ នាំចូលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ COVAXIN ចូលមកកម្ពុជា

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រុមហ៊ុន វ៉េកហ្វាម៉ា ឯ.ក (Vac Pharma Co.,Ltd) ជាក្រុមហ៊ុនដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល នាំចូលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ COVAXIN ផលិតនៅប្រទេសឥណ្ឌា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក សម្រាប់ចូលមកចែកចាយ ចាក់តាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជនស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។

បើយោងតាមសេចកី្តប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល លេខ៥៩៣០ ផ្តល់ជូនវិញ្ញាបនបត្រអនុញ្ញាត ប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ COVAXIN ក្នុងលក្ខខណ្ឌបន្ទាន់លេខ CAM N22 EUA-2021។ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ COVAXIN ប្រើប្រាស់សូលុយស្យុង សម្រាប់ចាក់តាមសាច់ដុំ ហើយវ៉ាក់សាំងប្រភេទ COVAXIN ត្រូវបានចង្អុលបង្ហាញសម្រាប់បង្ការជំងឺកូវីដ-១៩ ចំពោះមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ ផលិតឡើងដោយក្រុមហ៊ុន BHARAT INTERNATIONAL LIMITED. និងម្ចាស់កម្មសិទិ្ធបញ្ជីកា Bharat Biotech International Limited. មានអាសយដ្ឋានក្នុងប្រទេសឥណ្ឌា។ ទន្ទឹមនឹងនោះលក្ខខណ្ឌនៃការប្រើបា្រស់ គឺប្រើតែក្នុងអំឡុងពេលគ្រោះអាសន្ន សុខភាពសាធារណៈនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាន។ ប្រើក្រោមអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាមានចែង ក្នុងផែនការ ដាក់ពង្រាយវ៉ាក់សាំងជាតិបច្ចុប្បន្ន និងក្រុមមនុស្សអាទិភាព។

ដោយយោងតាមការណែនាំរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស ថ្លែងនៅក្នុងពិធីសន្និសីទសារព័ត៌មានរួមគ្នារវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា ស្តីពីបច្ចុប្បន្នភាព នៃវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង(Omicron), អូមីក្រុង(Omicron) កំពុងចរាចរយ៉ាងឆាប់រហ័ស ដោយគ្មានព្រំដែន និងគ្មាន លិខិតឆ្លងដែន នៅលើសកលលោក៖ ត្រូវប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឆ្លើយតប ដើម្បីជៀសវាងការសោកស្តាយ។ យើងត្រូវរៀនរស់នៅជាមួយវីរុសកូវីដ-១៩ តែក្នុងប្រក្រតីភាពថ្មី ហើយត្រូវបន្តចាំឲ្យជាប់ ៣ការពារ និង ៣កុំ រួមជាមួយនឹងការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រសិនដល់វេណលោកអ្នក ដែលត្រូវចាក់ ។

ខណៈពេលដែលប្រទេសកម្ពុជា បន្តដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីឈានទៅដល់កម្រិតអប្បបរិមា និងដើម្បីបំពេញកម្រិតវ៉ាក់សាំងឲ្យបានគ្រប់ដូសពេញលេញ គឺក្រុមហ៊ុន វ៉េកហ្វាម៉ា ឯ.ក (Vac Pharma Co.,Ltd) បានសហការ ជាមួយក្រុមហ៊ុន BHARAT INTERNATIONAL LIMITED ផ្គត់ផ្គង់ និងនាំចូលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ COVAXIN ផលិតនៅប្រទេសឥណ្ឌា មកកាន់ប្រទេសកម្ពុជា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីជួយដល់ប្រជាពលរដ្ឋ បង្កើនភាពស៊ាំងការពារ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ ជាពិសេស ក្រុមហ៊ុនទាំងពីរ បានសហការគ្នាមានរយៈពេលជាង ១៥ឆ្នាំមកហើយ ដោយក្នុងនោះក៏បាននាំចូលនូវ ប្រភេទវ៉ាក់សាំង បង្ការជំងឺផ្សេងៗជាច្រើន ដូចជាវ៉ាក់សាំងប្រភេទ Rotavac ការពារជំងឺរាគរួស, វ៉ាក់សាំង ប្រភេទ Typhoid TCV ការពារគ្រុនពោះវៀន និងវ៉ាក់សាំងប្រភេទ Indirab ការពារជំងឺឆ្កែឆ្កួត។

សូមបញ្ជាក់ផងដែរថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ COVAXIN មានសុពលភាពរយៈពេល ៩ខែ នៅក្នុងសីតុណ្ហភាព ២ ទៅ ៨អង្សា។ វ៉ាក់សាំងនេះអាចរក្សាទុក និងប្រើប្រាស់បានរហូតដល់ ២៨ថ្ងៃ បន្ទាប់ពីការបើក អនុលោមតាម សេចកី្តថ្លែងការណ៍គោលនយោបាយរបស់អង្គការសុខភាពពិភពលោក WHO/IVB/14.07 ស្តីពីគោលនយោបាយពហុដូស ៕

Most Popular

To Top