Event

ការប្រណាំងកង់ភ្នំជុំទី១ ទាញអ្នកចូលរួម ច្រើនកុះករ មិនធ្លាប់មាន ក្នុងរយៈពេល ១៥ ឆ្នាំ

ការប្រណាំងកង់ភ្នំ WURKZ Mountain Bike Series ជុំទី១ ដែលធ្វើឡើងនៅឯភ្នំជាល កាលពីពេលថ្មីៗនេះ ទទួលបានអ្នកចូលរួមប្រកួត និងទស្សនា យ៉ាងច្រើនកុះកររហូតជាង ១៥០០នាក់ ដែលចំនួននេះ មិនធ្លាប់មានក្នុងរយៈពេល ១៥ ឆ្នាំនៃការរៀបចំព្រឹត្តិការណ៍នេះទេ។ នេះបើតាមការបញ្ជាក់របស់លោក Pierre Yves Catry ប្រធានបច្ចេកទេសរៀបចំការប្រកួត និងស្ថាបនិកព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ។

ក្រោយបញ្ចប់ការប្រណាំងជុំទី១ លោក Pierre Yves Catry បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជារំភើបណាស់ ដែលព្រឹត្តិការណ៍ នៃការប្រណាំងនេះទទួលបាន ការគាំទ្រយ៉ាងខ្លាំង និងពិតជាធំបំផុត មិនធ្លាប់មានពីមុនមក។»

បើតាមលោក Pierre អ្នកចុះឈ្មោះចូលរួម ការប្រកួតមានចំនួន ៤៧៨នាក់ ក៏ប៉ុន្តែអ្នកប្រណាំងភាគច្រើន មកជាមួយគ្រួសារ និងជាមួយអ្នកគាំទ្រ បូករួមជាមួយអ្នកទស្សនាផ្សេងទៀត ធ្វើឲ្យចំនួនសរុប នៃអ្នកចូលរួមច្រើនបែបនេះ។

ជាមួយគ្នានេះដែរ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាម្ចាស់ឧបត្ថម្ភផ្តាច់មុខ ព្រឹត្តិការណ៍នេះ ក៏បានលើកឡើងដែរថា កម្មវិធីប្រណាំងកង់ភ្នំនេះ គឺជាព្រឹត្តិការណ៍កម្សាន្តបែបសុខភាព ដ៏ល្អមួយ ស្របជាមួយនឹងការបន្តកើនឡើង នៃភាពពេញនិយម និងប្រជាប្រិយភាព នៃការជិះកង់។

អ្នកស្រី គង់ កុសល បានបន្ថែមថា ខ្មែរ ប៊ែវើរីជីស នឹងបន្តឩបត្ថម្ភការប្រកួតជុំទី២ និងជុំទី៣បន្ថែមទៀត ហើយក៏បានលើកទឹកចិត្តឲ្យពលរដ្ឋ ធ្វើការចូលរួមកម្មវិធីនេះ ឲ្យបានច្រើន។ ជុំទី២ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅព្រែកលៀប ចំណែកឯជុំទី៣ នឹងធ្វើឡើងនៅខែមករា ឆ្នាំ២០២១ នៅគិរីរម្យ។

កីឡាករល្បីម្នាក់ឈ្មោះ ហេង បានមានចំណាប់អារម្មណ៍ថា៖ «ថ្ងៃនេះគឺមានភាពអធិកអធមមែនទែន។ ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ចំណាយគ្រប់បែបយ៉ាង ដើម្បីឲ្យបងប្អូនបានមកចូលរួម ឲ្យស្គាល់ថាកីឡាជិះកង់នេះ មានបទពិសោធខុសប្លែកយ៉ាងណា ក្នុងស្ថានភាពផ្លូវភ្នំ ផ្លូវរាប និងស្ថានភាពផ្សេងៗទៀត។ និយាយជារួម ការជិះកង់លក្ខណៈកីឡានេះ វាមានសារៈសំខាន់ខ្លាំងណាស់»។

ចំណែកឯកីឡាករមួយរូបទៀត លោក ទូច គន្ធន់ បានស្នើសុំឲ្យមានការបង្កើត កម្មវិធីនេះទៀត ដើម្បីឲ្យយុវជនចូលរួមឲ្យបានខ្លាំងក្លា ដែលផ្តល់ផលល្អមួយ​ផ្នែកដល់សុខភាពផងដែរ៕

Most Popular

To Top