Event

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផលិតវីដេអូ នៃយុទ្ធនាការទឹកចិត្តកម្ពុជា​ ដើម្បីលើកទឹកចិត្ត សកម្មភាពសប្បុរសធម៌

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី០២ ខែមិថុនា បានចេញផ្សាយវីដេអូខ្លី បង្ហាញនូវសកម្មភាពនៃការជួយគ្នា នៅក្នុងសង្គម ដោយចែករំលែកគ្នាទៅវិញទៅមក នូវភាពកក់ក្តៅ ស្នាមញញឹម និងកម្លាំងចិត្ត ដែលធ្វើឲ្យអ្នកទស្សនា មានអារម្មណ៍ក្តុកក្ដួល រំជួលចិត្ត និងរំភើបចំពោះទឹកចិត្តដ៏ល្អនេះ។

អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ទឹកបរិសុទ្ធ កម្ពុជា តែងគោរព ឱ្យតម្លៃ និងលើកទឹកចិត្តបុគ្គលគ្រប់រូប ដែលលះបង់កម្លាំងកាយចិត្ត ដើម្បីបម្រើដល់សង្គមជាតិ ដូច្នេះមិនថាបុគ្គលនោះជានរណា ស្ថិតក្នុងកាលៈទេសៈណានោះទេ ទឹកបរិសុទ្ធ កម្ពុជា តែងតែនៅក្បែរពួកគាត់ជានិច្ច»។

នេះ ជាហេតុផលជំរុញឲ្យ ទឹកបរិសុទ្ធ កម្ពុជា សម្រេចផលិតវីដេអូខ្លីនេះឡើង ដើម្បីរំលឹកអំពីសកម្មភាព នៃការបរិច្ចាគនាពេលកន្លងមក តាមរយៈយុទ្ធនាការសប្បុរសធម៌ទឹកចិត្តកម្ពុជា និងដើម្បីបំផុសឲ្យមាន ការបង្កើតវប្បធម៌នៃការចែករំលែក និងការជួយគ្នាទៅវិញទៅមក នៅក្នុងសង្គម។

អ្នកស្រី គង់ កុសលបន្ថែមថា៖ «យើងចង់ឲ្យទឹកបរិសុទ្ធ កម្ពុជាក្លាយជាចំណែកមួយ នៃទឹកចិត្តសប្បុរសធម៌របស់ពលរដ្ឋកម្ពុជា ដោយចែករំលែកក្តីស្រលាញ់ និងបង្កើតស្នាមញញឹមឲ្យគ្នា ទៅវិញទៅមក ទោះបីវាជាទឹកចិត្តបន្តិចបន្តួចក៏ដោយ។ នៅពេលដែលពលរដ្ឋកម្ពុជា នឹកឃើញកិច្ចការសប្បុរសធម៌ ពួកគាត់នឹងនឹកឃើញដល់ទឹកបរិសុទ្ធ កម្ពុជាមុនគេ»។

ដូចដែរបង្ហាញនៅក្នុងខ្សែវីដេអូ ទឹកបរិសុទ្ធ កម្ពុជា សូមគាំទ្ររាល់ទង្វើល្អ របស់មន្ត្រីនគរបាលចរាចរណ៍ ដែលតែងតែសម្រួលចរាចរណ៍ ជូនពលរដ្ឋ ទោះថ្ងៃក្តៅ ឬភ្លៀងក្តីក៏មិនរុញរា ចំណែកឯគ្រូពេទ្យវិញ តែងនៅក្បែរអ្នកជម្ងឺ គ្រប់ពេលដោយមិនត្អូញត្អែរឡើយ។

យោងតាម អ្នកស្រី គង់ កុសល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាជូនមន្ទីរពេទ្យ គោលដៅត្រួតពិនិត្យចរាចរណ៍ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ ( TYDA ) ព្រមទាំងក្រសួង និងស្ថាប័នជាច្រើនផ្សេងទៀត ជាច្រើនម៉ឺនកេសក្នុងមួយឆ្នាំៗ ហើយនឹងបន្តបរិច្ចាគជាហូរហែ។ ទឹកចិត្តកម្ពុជា!

Most Popular

To Top