Event

សែលកាត ផលិតកម្មបារមី វណ្ណដា និងក្រុមហ៊ុន Spotify Global សហការគ្នានាំ​ យកសេវាកម្មថ្មី ដើម្បីជួយលើកស្ទួយ​ ឱ្យវិស័យតន្រ្តី នៅកម្ពុជា ទទួលបានការទទួលស្គាល់ កម្រិតពិភពលោក

ភ្នំពេញ៖ ថ្ងៃទី៧ កក្កដា ឆ្នាំ២០២២ ក្រុមហ៊ុនសែលកាត ទើបតែបាននាំយកសេវាកម្មថ្មីមួយទៀត​ មកកាន់ទីផ្សារដំបូងគេ មានឈ្មោះថាគម្រោង Time To Rise។ ការលាតត្រដាងនេះ បានធ្វើឡើងនៅក្នុងសន្និសីទ សារព័ត៌មាននៅស្ថានីយ រ៉ូយ៉ាងរ៉េលវ៉េភ្នំពេញ ដោយមានការចូលរួម ពីគណៈគ្រប់គ្រងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គណៈគ្រប់គ្រងក្រុមហ៊ុនសែលកាត ក្រុមហ៊ុនជាដៃគូរបស់សែលកាត គណៈគ្រប់គ្រងរបស់ផលិតកម្មបារមី សិល្បករ-សិល្បការនីរួមទាំង វណ្ណដាផងដែរ។

យោងតាមនាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត លោក Simon Perkins បានឱ្យដឹងថា ផលិតផលមួយនេះ គឺជាសមិទ្ធផលកើតចេញ ពីកិច្ចសហការរយៈពេលជាច្រើនខែ រវាងក្រុមហ៊ុនទាំងពីរ និងក្រុមហ៊ុន Spotify Global។

ដោយចាត់ចូលជា ផលិតផលដ៏សំខាន់មួយ របស់សែលកាត សម្រាប់ឆ្នាំនេះ កម្មវិធីសម្ពោធនេះ ត្រូវបានចាត់ទុកជាផ្នែកមួយ នៃការប្រារព្ធខួបលើកទី ២៥ របស់ក្រុមហ៊ុនសែលកាត។
ដើម្បីជាកិច្ចគោរពដល់ប្រវត្តិ នៃការនាំយកសេវាកម្មកាន់ទីផ្សារដំបូងគេ ដ៏យូរលង់របស់សែលកាត Time To Rise គឺជាគម្រោងទីមួយហើយ ដែលត្រូវបានបង្កើតឡើង និងនាំយកទៅកាន់ទីផ្សារ ក្រោមកិច្ចសហការ ជាមួយសិល្បករ ហើយនេះក៏ជាលើកដំបូងផងដែរ ដែលសេវាកម្ម Spotify ត្រូវបានដាក់បម្រើជូន នៅទីផ្សារកម្ពុជា។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Simon Perkins ក៏បានឱ្យដឹងដែរថា៖ “យើងខ្ញុំពិតជាមាន ក្តីរំភើបខ្លាំងណាស់ ក្នុងការដាក់ដំណើរការគម្រោង Time To Rise ជាពិសេសក្នុងឱកាស គម្រប់ខួប 25 ឆ្នាំ របស់យើងនេះតែម្តង។ គម្រោង Time To Rise គឺជាជំហានឆ្ពោះទៅរកការសម្រេច បាននូវទស្សនៈវិស័យរួមគ្នា រវាងសែលកាត វណ្ណដា និងផលិតកម្មបារមី ដើម្បីលើកកម្ពស់សិល្បករខ្មែរ ដែលមានទេពកោសល្យ រួមទាំងផ្សារភ្ជាប់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោកទាំងមូល។ Time To Rise ជាការរួមបញ្ចូលគ្នា នូវប្រជាប្រិយភាពដ៏មានឥទ្ធិពល របស់វណ្ណដា បណ្តាញទូរស័ព្ទគ្របដណ្តប់ដ៏ធំទូលាយ របស់សែលកាត និងការដាក់ឱ្យប្រើប្រាស់នូវសេវាកម្ម Spotify ដែលជាថ្នាលផ្តល់សេវាកម្មស្ទ្រីមតន្រ្តី កម្រិតសកល ដើម្បីផ្តល់នូវការតភ្ជាប់ និងសមត្ថភាពប្រើប្រាស់ ដោយមិនត្រឹមសំដៅតែមាតិកា ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្តល់ជូននូវមាតិកា មកពីជុំវិញពិភពលោកផងដែរ។ ការដាក់ឱ្យប្រើប្រាស់សេវាកម្ម Spotify តាមរយៈគម្រោង Time To Rise នេះ នឹងផ្តល់ភាពកាន់តែងាយស្រួល សម្រាប់សិល្បករ និងអ្នកគ្រប់គ្នាក្នុងការប្រើប្រាស់វេទិកានេះ នៅក្នុងប្រទេសកម្ពុជា លើកស្ទួយជីវិតទាន់សម័យ បែបឌីជីថលរបស់ពួកគេ បំផុសគំនិតដល់អ្នកជំនាន់ថ្មី ដែលមានទេពកោសល្យ រួមទាំងនាំទៅរកឱកាស និងការអភិវឌ្ឍថ្មីៗ នៅក្នុងវិស័យតន្ត្រីកម្ពុជា”។

លោក Niklas Lundberg ប្រធានទីផ្សារថ្មីរបស់ក្រុមហ៊ុន Spotify ក៏បានឱ្យដឹងដែរថា៖ “គោលបំណងរបស់យើង គឺដើម្បីផ្សារភ្ជាប់សិល្បករ ក្នុងស្រុកនិងអន្តរជាតិ ឱ្យបានកាន់តែច្រើនឡើង ជាមួយនឹងអ្នកគាំទ្រ នៅក្នុងប្រទេសកម្ពុជា ហើយគម្រោង Time To Rise នឹងជួយឱ្យគោលបំណងនេះ អាចសម្រេចទៅបាន ជាក់ជាមិនខាន។ តាមរយៈការផ្តល់ទិន្នន័យ ឥតដែនកំណត់ និងគម្រោងប្រើប្រាស់សេវាកម្ម Spotify ដោយឥតគិតថ្លៃ រួមជាមួយសែលកាតនេះ យើងនឹងទន្ទឹងរង់ចាំស្វាគមន៍ ប្រជាជនកម្ពុជាកាន់តែច្រើន មកកាន់សេវាកម្មស្ទ្រីមតន្រ្តីរបស់ Spotify។”

គម្រោង Time to Rise មានផ្តល់ជូននូវជម្រើសកញ្ចប់ជាច្រើនបែប រួមបញ្ចូលជាមួយទិន្នន័យស្ទ្រីម Spotify ឥតដែនកំណត់ ការផ្តល់ទិន្នន័យបន្ថែម ការហៅចេញនិងផ្ញើសារឥតគិតថ្លៃ ក៏ដូចជាការរក្សាទិន្នន័យ នៅសល់យកទៅបូកបញ្ចូល ក្នុងគម្រោងបន្ទាប់ សម្រាប់រយៈពេលមួយឆ្នាំផងដែរ។ គម្រោង Time To Rise មានផ្តល់ជូនជាកញ្ចប់គម្រោង ពីរប្រភេទ រួមមានគម្រោងប្រចាំសប្តាហ៏ មានតម្លៃ 4,000 រៀល ដែលនឹងផ្តល់ជូនទិន្នន័យ 5GB 500នាទីនិង 500សារ សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ ជាមួយសុពលភាព 7ថ្ងៃ និងគម្រោងប្រចាំខែមានតម្លៃ 24,000 រៀល ដែលនឹងទទួលបានទិន្នន័យ 40GB 4000នាទីនិង 4000សារ សម្រាប់ប្រើប្រាស់ ក្នុងប្រព័ន្ធ និងមានសុពលភាព 35ថ្ងៃ។ សេវាកម្មប្រភេទភ្ជាប់គម្រោងនេះ គឺអាចប្រើប្រាស់បានសម្រាប់អតិថិជន ដែលមានស៊ីមសែលកាតស្រាប់ និងសម្រាប់អតិថិជន ដែលចង់បានកញ្ចប់ស៊ីម Time To Rise ផ្តាច់មុខពិសេស ដែលនឹងអាចទទួលបាន កាដូជាច្រើនពីវណ្ណដា ដូចជាម៉ាសក្រណាត់ រូបស្ទីកគ័រ និងរូបថតកម្ររបស់វណ្ណដាផងដែរ។

កញ្ញា ឡូរ៉ា ម៉ម នាយកប្រតិបត្តិផលិតកម្ម បារមី បានថ្លែងថា៖ “តាមរយៈគម្រោង Time To Rise របស់សែលកាតនេះ នឹងជួយឱ្យ Spotify អាចផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកស្រឡាញ់តន្ត្រី បានកាន់តែទូលំទូលាយ ការសហការគ្នាឆ្លងព្រំដែន ក្នុងវិស័យតន្ត្រីដូចជាបទចម្រៀង “Run the Town” ជាដើម គឺអាចផ្តល់ការបំពេរអារម្មណ៍ ដល់អ្នកស្តាប់នៅទូទាំងពិភពលោក ហើយអ្វីដែលកាន់តែសំខាន់ទៀតនោះ ឱកាសនេះ គឺជាវេលាដ៏វិសេសមួយ នៅក្នុងប្រវត្តិវិស័យតន្ត្រីតែម្តង។

គម្រោង Time to Rise នេះ នឹងប្រាកដជាជួយបើកទ្វារឱ្យកម្ពុជា អាចចូលរួមនៅក្នុងឆាកតន្ត្រីអន្តរជាតិបាន ព្រោះវានឹងបង្កើតឱកាស សម្រាប់សិល្បករខ្មែរគ្រប់រូប ក្នុងការសហការ និងចែករំលែកប្រាក់ចំណូល ជាមួយសិល្បករអន្តរជាតិ នៅលើថ្នាលដូចជា Spotify នេះជាដើម។ ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន សែលកាត ដែលបានក្លាយជាដៃគូមួយ ដែលមានចក្ខុវិស័យទទួលស្គាល់ សក្តានុពលពិតប្រាកដ នៃតន្ត្រីខ្មែរ និងការត្រៀមខ្លួន សម្រាប់មហិច្ឆតា សម្រេចឱ្យបាននូវប្រជាប្រិយភាព កម្រិតអន្តរជាតិផងដែរ។ ជាចុងក្រោយ ខ្ញុំសូមចូលរួមអបអរសាទរ ដល់វណ្ណដា និងក្រុមហ៊ុនសែលកាត ចំពោះការខិតខំប្រឹងប្រែង មិនគួរឱ្យជឿរបស់អ្នកទាំងពីរ ក្នុងការជំរុញវិស័យតន្ត្រីកម្ពុជា របស់យើងឱ្យឆ្ពោះទៅមុខ ប្រកបដោយមោទនភាព និងសេចក្តីថ្លៃថ្នូរបំផុត»។

គម្រោង Time To Rise ត្រូវបានបំផុសគំនិតឡើង ដោយបទចម្រៀងមានចំណងជើងដូចគ្នា ដ៏ល្បីល្បាញរបស់ វណ្ណដា ដែលបានបំបែកកំណត់ត្រា ប្រវត្តិសាស្ត្រនៅកម្ពុជា ពោលគឺមានអ្នកចូលទស្សនា ដល់ទៅមួយលាននាក់ ក្នុងរយៈពេល 24 ម៉ោង បន្ទាប់ពីចេញផ្សាយ ព្រមទាំងលើកស្ទួយឱ្យ វណ្ណដា ក្លាយជាតារាចម្រៀងកំពូល មួយរូបទៀតផង។ បទចម្រៀង Time To Rise បានជាប់ក្នុងបទចម្រៀងកំពូលទាំង 100 របស់ Apple Music 2021 ជាប់នៅក្នុង Lifted’s Best Videos 2021 និងត្រូវបានថតផ្សាយបន្តផ្ទាល់ នៅក្នុងកម្មវិធី ASEAN Music Showcase 2021 ផងដែរ។

យុទ្ធនាការផ្សាយពាណិជ្ជកម្មទូលំទូលាយ នឹងត្រូវធ្វើឡើងដើម្បីគាំទ្រ ដល់ការដាក់ដំណើរការកម្រោង Time To Rise ជាមួយនឹងការផ្តល់ជូន ទិន្នន័យឥតដែនកំណត់ សម្រាប់ការស្ទ្រីមតន្ត្រីនៅលើ Spotify ដោយក្នុងនោះរួមមាន ការផ្សាយពាណិជ្ជកម្ម តាមទូរទស្សន៍ ផ្ទាំងប៉ាណូ និងមាតិកាឌីជីថល ជាច្រើនទៀត រួមទាំងគម្រោងចេញផ្សព្វផ្សាយផ្ទាល់ នាចុងឆ្នាំនេះផងដែរ។

កញ្ចប់ស៊ីម Time To Rise ជាមួយគម្រោង 4,000 រៀល មានដាក់លក់ជូន នៅគ្រប់ហាងចែកចាយទូទាំងប្រទេស។ ទន្ទឹមនឹងនេះ កញ្ចប់ស៊ីម Time To Rise ដែលជាគម្រោង 24,000 រៀល និងទំនិញ Time To Rise វិញ នឹងមានលក់ផ្តាច់មុខ នៅគ្រប់ហាងសែលកាត ហាងលក់ទំនិញរាយ និងដាក់លក់នៅតាមកម្មវិធី ដឹកជញ្ជូនដល់គេហដ្ឋានដូចជា Nham24, SmileShop, និង WingMall ជាដើម។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង Time To Rise សូមចូលទៅកាន់គេហទំព័រ https://bit.ly/ttrpress ឬ ទំព័រហ្វេសប៊ុករបស់សែលកាត៕

Most Popular

To Top