ព្រឹត្តិការណ៍

អបអរសាទរជាថ្មី៖ កម្ពុជាជាប់ចំណាត់លេខ១ ជាប្រទេសមានភាព រួសរាយរាក់ទាក់ជាងគេ នៅលើពិភពលោកម្តងទៀត

ភ្នំពេញ៖ ក្រោយការស្តង់មតិពី អ្នកទេសចរនៅលើពិភពលោក ដោយវេបសាយអន្តរជាតិមួយឈ្មោះ “Rough Guides” ដែលជាទីភ្នាក់ងារទេសចរណ៍ និងជាក្រុមហ៊ុនបោះពុម្ពផ្សាយ សៀវភៅមគ្គទេសក៍ដ៏ល្បីល្បាញ អំពីប្រទេសដែលរួសរាយរាក់ទាក់ ជាងគេបំផុតនៅលើពិភពលោក “The World’s Friendliest Countries”បានបង្ហាញថា កម្ពុជាជាប់ចំណាត់លេខ១ ដែលមានអ្នកបោះឆ្នោតគាំទ្រច្រើនជាងគេ នៅក្នុងប្រព័ន្ធអ៊ីនធើណេតថា ជាប្រទេសដែលមានភាព រួសរាយរាក់ទាក់បំផុត នៅលើពិភពលោក។

កាលពីពេលកន្លងទៅវេបសាយ Rough Guides ដែលជាក្រុមហ៊ុនជំនាញខាងទេសចរណ៍ មានស្នាក់ការនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានដាក់ការស្ទង់មតិមួយ នៅលើបណ្តាញសង្គម Twitter និង Facebook របស់ខ្លួន អំពីប្រទេសដែលមានភាពរួស​រាយរាក់ទាក់ ជាងគេបំផុតលើពិភពលោក។

នៅក្នុងលទ្ធផលស្តង់មតិនេះ Rough Guides បានលើកឡើងថា “រហូតមកដល់ពេលនេះប្រទេសកម្ពុជា គឺបានស្ថិតក្នុងកំពូលតារាង នៅក្នុងការស្ទង់មតិរបស់យើង ដែលជាជម្រើសដ៏មាន ប្រជាប្រិយក្នុងចំណោមបុគ្គលិក និងអ្នកតាមដាន Rough Guides នៅលើ Twitter ដូចគ្នា”។

អ្នកចូលរួមផ្តល់មតិយោបល់ម្នាក់ គឺលោកស្រី Andrea Leber បាននិយាយថា “ពួកគេ (ប្រជាជនកម្ពុជា) បានឆ្លងកាត់ការលំបាកច្រើន ប៉ុន្តែពួកគេនៅតែមាន ស្នាមញញឹមនៅលើមុខ”។

តាមរយៈការស្តង់មតិរបស់ Rough Guides និងស្នាមញញឹមដ៏រួសរាយរាក់ទាក់ របស់ប្រជាជនកម្ពុជា ដែលបានផ្សព្វផ្សាយនៅលើពិភពលោក នឹងធ្វើឱ្យកម្ពុជាកាន់តែ មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទាក់ទាញភ្ញៀវទេស ឱ្យមកកម្សាន្តនៅកម្ពុជានាពេលខាងមុខ ខណៈដែលកម្ពុជាគ្រោងបើក ទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ នៅចុងឆ្នាំនេះ។

ក្រៅពីកម្ពុជា មានប្រទេសចំនួន៩ទៀត ត្រូវបានអ្នកទេសចរអន្តរជាតិចាត់ទុកថា ជាប្រទេសមានភាព រួសរាយរាក់ទាក់ផងដែរ ដែលភាគច្រើនជាប្រទេស នៅក្នុងតំបន់អាស៊ាន។

ប្រទេសដែលឈរនៅ លេខរៀងបន្ទាប់ពីកម្ពុជា គឺប្រទេសហ្វីលីពីន ដែលស្ថិតក្នុងលេខរៀងទី២ និងតាមពីក្រោយដោយប្រទេសឡាវ ដែលទទួលបានចំណាត់លេខ៣ និងប្រទេសណេប៉ាល់ ជាប់ចំណាត់លេខ៤។ ចំណែកថៃដែលល្បីល្បាញខាងទេសចរណ៍ ឈរនៅលេខរៀងទី៥ ខណៈដែលប្រទេសសមាជិកអាស៊ាន២ ទៀតគឺ មីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់៦ និងឥណ្ឌូនេស៊ី ជាប់ចំណាត់លេខ៧។ រីឯប្រទេសដែលទទួលបានចំណាត់ទី៨ គឺប្រទេសហ្វីជី ក្នុងពេលដែលប្រទេសស្កុតលែន ជាប់ចំណាប់ថ្នាក់ទី៩ និងចុងក្រោយ គឺប្រទេសស្រីលង្ការ ទទួលបានចំណាត់ថ្នាក់ទី១០៕

ប្រភព៖ Propertyarea

Most Popular

To Top