ប្លែកៗ

ពីឡុត​​រូបនេះ​បង្ហាញ​អារម្មណ៍ពិត ​ក្រោយ​បើកយន្តហោះ​ទៅ​ទម្លាក់​គ្រាប់បែក​បរមាណូ​លើ​ប្រទេស​ជប៉ុន

ដើម្បី​បង្ខំ​ឱ្យជប៉ុន​ចុះចាញ់​សង្គ្រាម​លោកលើកទី២ អាមេរិក បាន​ប្រើធម៌ក្តៅ​បំផុត​មួយ ​ដោយ​បញ្ជូន​យន្តហោះ​ទៅទម្លាក់​គ្រាប់បែក​បរមាណូ​ លើក​ដំបូង​បង្អស់​ ទៅលើ​ប្រទេស​មួយនេះ។

យន្តហោះ B-29 ដែលបើកដោយពីឡុតឈ្មោះ Paul W. Tibbets ចេញពី​កោះ Tinian ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បាន​ដឹក​គ្រាប់បែកបរិមាណូឈ្មោះ «Little Boy» សំដៅទៅទម្លាក់នៅគោលដៅ ​ក្រុងហ៊ីរ៉ូស៊ីម៉ា នៅម៉ោង ៨:១៥នាទីព្រឹក​ថ្ងៃទី៦ ខែសីហា ១៩៤៥។ ការ​ទម្លាក់គ្រាប់បែកនេះ បានធ្វើឱ្យមនុស្សប្រមាណ ១៤ម៉ឺននាក់​ក្នុងក្រុងត្រូវបាត់​បង់​ជីវិត។

ជុំវិញ​ការទម្លាក់​គ្រាប់បែក ​មហាប្រល័យ​លោក​នេះ លោក Paul W. Tibbets បាន​ថ្លែង​ក្នុងកិច្ចសម្ភាសន៍​មួយ​កាលពីឆ្នាំ​១៩៨៩​ថា នេះ​ជាកិច្ចការ​ប្រកបដោយ​​ មោទនភាព​ដែល​លោក បាន​បម្រើ​ឱ្យប្រទេសជាតិ ហើយ​លោកក៏​តែងតែ​ដេកលក់ស្រួលរាល់យប់ដែរ ពោលគឺ​លោក​គ្មានការសោកស្តាយអ្វីនោះទេ។

តែទោះ​យ៉ាងណាក៏ដោយ លោកថា​ លើកទី១ ដែល​លោក​បាន​ទម្លាក់​គ្រាប់បែក​​ លើគោលដៅ​ទីក្រុងមួយនោះ លោក​បាននិយាយ មកកាន់ខ្លួនឯងថា «ប្រជាជន​កំពុងតែស្លាប់នៅទីនោះ ទាំងដែលពួកគេ​មិន​មានហេតុផលអី ដែលត្រូវស្លាប់ឡើយ។ ពួកគេមិនមែន​ជាទាហាននោះទេ»។

បន្ទាប់មក​លោក​ក៏មានគំនិត​មួយទៀត យល់ឃើញថា ការទម្លាក់គ្រាប់បែកនោះ មិនមែន​ជារឿងផ្ទាល់ខ្លួនលោកឡើយ។ «ខ្ញុំ​ត្រូវបាន​ណែនាំ​ឱ្យ​បំពេញ​បេសកកម្ម​យោធា​ ក្នុងការ​ទម្លាក់​គ្រាប់បែក ហើយនោះជាអ្វី​ដែល​ខ្ញុំ​ ត្រូវធ្វើឱ្យអស់​ពីលទ្ធភាព»។

ពីឡុតរូបនេះ បាន​និយាយថា ក្នុងសង្គ្រាម គ្មានពាក្យឡើយថា​សីលធម៌។ «ខ្ញុំមិនខ្វល់ថាតើអ្នកកំពុងទម្លាក់​គ្រាប់បែកបរមាណូ ឬ​គ្រាប់​បែក​ទម្ងន់ ១០០ផោន ឬកំពុង​បាញ់​កាំភ្លើងទេ ពោលគឺអ្នកត្រូវយករឿងសីលធម៌​ចេញពី​ក្នុងចិត្តអ្នក»។

ការទម្លាក់​គ្រាប់បែកលើកទី១ ជប៉ុន​នៅមិនទាន់យល់ព្រម ចុះចាញ់នៅឡើយទេ។ ៣ថ្ងៃក្រោយមកទៀត គឺនៅថ្ងៃទី៩ ខែសីហា ឆ្នាំ​១៩៤៥ លោក​បាន​បើកយន្តហោះ ទៅទម្លាក់គ្រាប់បែកបរមាណូ​មួយទៀត ឈ្មោះ «Fat Man» នៅក្រុងណាហ្គាសាគី ដែលធ្វើឱ្យមនុស្សប្រមាណ ៨ម៉ឺននាក់បានស្លាប់។ ក្រោយមកមិនបានប៉ុន្មានថ្ងៃផង ជប៉ុន ក៏ប្រកាសចុះចាញ់សង្គ្រាមតែម្តង។

សូម​ជម្រាប​ថា លោក Paul W. Tibbets បាន​កើត​ក្នុងឆ្នាំ១៩១៥ នៅរដ្ឋ Illionois និង​បានស្លាប់​ក្នុងឆ្នាំ​២០០៧ នៅ​រដ្ឋ Ohio ក្នុងអាយុ ៩២។ លោកបាន​ចូលបម្រើទ័ព​អាកាស​អាមេរិក ពីឆ្នាំ ១៩៣៧-១៩៦៦៕ Source: Sabay

Most Popular

To Top