ព័ត៌មានអន្តរជាតិ

សេអ៊ូល ៖ ប្រព័ន្ធបាញ់ពហុរ៉ុកកែត របស់កូរ៉េខាងជើង មិនមែនជាទង្វើបំពាន កិច្ចព្រមព្រៀង

បរទេស ៖ ស្របពេល ដែលទីក្រុងព្យុងយ៉ាង ធ្វើការពង្រឹងកិច្ចការពារ និងមានចំណងមិត្តភាព កាន់តែជិតស្និទ្ធជាមួយ ទីក្រុងប៉េកាំងនោះ ទីក្រុងសេអ៊ូល បាននិយាយថា ការសម្រេចចិត្ត របស់ប្រទេសកូរ៉េខាងចើង ដាក់ពង្រាយប្រព័ន្ធបាញ់ពហុរ៉ុកកែត គឺមិនមែនជាការបំពាន កិច្ចព្រមព្រៀង យោធាអន្តរកូរ៉េនោះទេ ។

ប្រព័ន្ធយោធាកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានដាក់ពង្រាយប្រព័ន្ធ បាញ់គ្រាប់រ៉ុកកែត នៅលើកូនកោះ Changrin Islet ស្ថិតនៅជិតព្រំដែន តាមបណ្ដោយតំបន់ឆ្នេរ ភាគខាងលិចឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា អាវុធកូរ៉េខាងជើង គឺប្រព័ន្ធបាញ់ពហុរ៉ុកកែត ២៤០មីលីម៉ែត្រ ដែលវាយប្រហារ បានចម្ងាយ៤០ម៉ាយ នាពេលថ្មីៗនេះ ត្រូវបានដំឡើងនៅទីតាំងមួយ ជាទីដែលកងកម្លាំងកូរ៉េខាងជើង ដាក់ប្រចាំការនូវកាំភ្លើង ធំតំបន់ឆ្នេរ ។

នៅថ្ងៃអង្គារនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា ការដាក់ពង្រាយអាវុធនេះ មិនបានបំពានកិច្ចព្រមព្រៀងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលធ្វើឡើង រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នោះទេ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top