ព័ត៌មានអន្តរជាតិ

ហ្វីលីពីន​ ប្តេជ្ញាបន្តធ្វើសមយុទ្ធ ដែនសមុទ្រនៅសមុទ្រចិន ខាងត្បូង

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសហ្វីលីពីន នឹងបន្តធ្វើសមយុទ្ធដែន សមុទ្រ នៅខាងក្នុងតំបន់ សេដ្ឋកិច្ចពិសេស ស្ថិតនៅដែនសមុទ្រចិនខាងត្បូង បើទោះជាមានការអំពាវនាវពីចិន ឲ្យឈប់សកម្មភាព ដែលទីក្រុង ប៉េកាំងនិយាយថា អាចបង្កឲ្យមានជម្លោះកើនឡើង។

កងកម្លាំងការពារដែនសមុទ្រ និងការិយាល័យនេសាទហ្វីលីពីន តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមសមយុទ្ធដែនសមុទ្រនោះ កាលពីខែមុន ដោយជំរុញបង្កើន វត្តមានរបស់ខ្លួននៅក្នុងតំបន់ ដើម្បីទប់ទល់នឹងវត្តមានដ៏គួរ ឲ្យខ្លាចរបស់ទូកចិន ។

រដ្ឋមន្ត្រីការពារជាតិ លោក Delfin Lorenzana បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ការធ្វើល្បាតដែនសមុទ្រ នៅក្នុង WPS (សមុទ្រហ្វីលីពីនខាងលិច) និងនៅក្រុមកោះ Kalayaan ដោយកងកម្លាំងការពារដែនសមុទ្រហ្វីលីពីន និងការិយាល័យនេសាទនិងធនធានជនផល នឹងនៅតែបន្ត”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Economic Times នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការពារជាតិហ្វីលីពីនរូបនេះ បានមានប្រសាសន៍បន្តយ៉ាងដូច្នេះថា “រដ្ឋាភិបាលនឹងមិនដកថយ ក្នុងគោលជំហររបស់ខ្លួននោះទេ”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top