ព័ត៌មានអន្តរជាតិ

អ្នកជំនាញផ្នែកជំងឺរបស់ចិន៖ ការស៊ើបអង្កេត ប្រភពជំងឺកូវីដ១៩ គួរតែប្តូរទៅធ្វើនៅ សហរដ្ឋអាមេរិក

បរទេស៖ អ្នកជំនួញជាន់ខ្ពស់ ផ្នែករោគរាតត្បាត​ ​របស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយថា សហរដ្ឋអាមេរិក គួរតែជាអាទិភាពក្នុងជំហានបន្ទាប់ នៃការស៊ើបអង្កេត រកប្រភពនៃជំងឺកូវីដ១៩ ក្រោយពីការសិក្សាមួយ​​ បានបង្ហាញថា ជម្ងឺនោះអាចនឹងរាតត្បាត នៅទីនោះ នៅដើមខែធ្នូ ឆ្នាំ២០១៩។

ការសិក្សាដែលចេញផ្សាយ នៅក្នុងសប្ដាហ៍នេះ ដោយវិទ្យាស្ថានជាតិអាមេរិក សម្រាប់សុខភាព ហៅកាត់ថា NIH បានបង្ហាញថា យ៉ាងហោចណាស់ មនុស្សចំនួន៧នាក់ នៅក្នុងរដ្ឋអាមេរិកចំនួន៥ បានឆ្លងមេរោគ SARS-CoV-2 ដែលជាមេរោគបង្ក ឲ្យមានជំងឺកូវីដ១៩ ក្នុងពេលប៉ុន្មានសប្ដាហ៍​ មុនពេលសហរដ្ឋអាមេរិក រាយការណ៍ករណី ជំងឺកូវីដ១៩ដំបូងជាផ្លូវការរបស់ខ្លួន។

ចំណែកការសិក្សារួមគ្នា រវាងចិននិងអង្គការសុខភាពពិភពលោក ដែលចេញបោះពុម្ពផ្សាយ នៅក្នុងខែមីនា បាននិយាយថា ជម្ងឺកូវីដ១៩ ទំនងជាមានដើមកំណើត ក្នុងសត្វព្រៃរបស់ប្រទេស ដោយមេរោគត្រូវបានឆ្លង មកមនុស្សពីសត្វប្រចៀវ តាមរយៈជំពូកសត្វអន្តរការី។

ប៉ុន្តែទីក្រុងប៉េកាំង បានលើកកម្ពស់ នូវទ្រឹស្តីដែលថា ជំងឺកូវីដ១៩ បានចូលក្នុងប្រទេសចិនពីបរទេស តាមរយៈចំណីអាហារក្លាសេ មានមេរោគ ស្របពេលដែលអ្នកនយោបាយ បរទេសជាច្រើន ក៏កំពុងស្នើឲ្យធ្វើការ ស៊ើបអង្កេតបន្ថែមទៀត ចំពោះភាពអាចទៅរួច ដែលវាលិចធ្លាយចេញ ពីមន្ទីរពិសោធន៍។

លោក Zeng Guang ជាប្រធានអ្នកជំនាញ ជំងឺរាតត្បាតនៅមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជម្ងឺចិន បាននិយាយប្រាប់កាសែត Global Times ថា ការយកចិត្តទុកដាក់ គួរតែប្តូរទៅសហរដ្ឋអាមេរិក ដែលយឺតយ៉ាវក្នុងការតេស្ត ប្រជាជនក្នុងដំណាក់កាលដំបូង នៃការរាតត្បាតឆ្លង ហើយក៏ជាទីលំនៅ នៃមន្ទីរពិសោធន៍ជីវសាស្ត្រ ជាច្រើនផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top