ព័ត៌មានអន្តរជាតិ

មេដឹកនាំយោធាមីយ៉ាន់ម៉ា ចូលរួមសន្និសីទសន្ដិសុខនៅរុស្ស៊ី ជាទស្សនកិច្ចក្រៅប្រទេសលើកទី២ ក្រោយ រដ្ឋប្រហារដណ្ដើម អំណាច

រ៉ង់ហ្គូន៖ មេបញ្ជាការយោធាមីយ៉ាន់ម៉ា បានទៅដល់ទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមសន្និសីទសន្តិសុខ មួយ ដែលជាការកត់សម្គាល់ ដំណើរទស្សនកិច្ចលើកទី ២ របស់លោកនៅក្រៅប្រទេស ចាប់តាំងពីលោកបានកាន់កាប់ អំណាច ក្នុងរដ្ឋប្រហារមួយ កាលពីខែកុម្ភៈ។

ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ ចាប់តាំងពីយោធាបានផ្តួលរំលំ មេដឹកនាំស៊ីវិលលោកស្រីអ៊ុងសាន ស៊ូជី និងរដ្ឋាភិបាល សម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី កាលពីខែកុម្ភៈ។

ស្ថានីយទូរទស្សន៍ MRTV ដែលគ្រប់គ្រងដោយរដ្ឋបានចុះផ្សាយថា មេដឹកនាំយោធាលោក មីន អ៊ុងឡាំង បានចាកចេញពីរដ្ឋធានី Nay Pyi នៅថ្ងៃអាទិត្យម្សិលមិញនេះក្នុងជើងហោះហើរពិសេស ដើម្បីចូលរួមសន្និសីទក្រុងម៉ូស្គូ ដើម្បីសន្តិសុខអន្តរជាតិ។

សេចក្តីរាយការណ៍បានឲ្យដឹងថា លោកកំពុងចូលរួមតាម“ ការអញ្ជើញរបស់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី” ដោយបន្ថែមថាលលកត្រូវបាន“ ស្វាគមន៍” ដោយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសមីយ៉ាន់ម៉ានៅឯព្រលានយន្តហោះផងដែរ។

គេមិនបានផ្តល់ព័ត៌មានលម្អិតអំពីរយៈពេលដែលមេដឹកនាំយោធារូបនេះ ត្រូវបានគេរំពឹងថា នឹងស្នាក់នៅប្រទេសរុស្ស៊ី ដែលជាសម្ព័ន្ធមិត្ត និងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំដល់យោធាមីយ៉ាន់ម៉ានោះទេ។

ក្រោយមក ស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅប្រទេសរុស្ស៊ីក្រោយមកបានបញ្ជាក់ពីការមកដល់របស់លោកមីន អ៊ុងឡាំង ទៅកាន់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti ផងដែរ៕ដោយ ឈូក បូរ៉ា

Most Popular

To Top