ព័ត៌មានអន្តរជាតិ

ចិន ចាប់ថ្នាំវ៉ាក់សាំងកូវីដ១៩ បានចំនួន ១ពាន់លានដូស

បរទេស៖មន្ត្រីសុខាភិបាលនៅក្នុងប្រទេសចិន បាននិយាយប្រាប់ថា ខ្លួនបានចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ជូនដល់ប្រជាជនក្នុងប្រទេសខ្លួន បានចំនួនជាង១ពាន់លានដូសហើយ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

គណៈកម្មការសុខាភិបាលជាតិចិន នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ បាននិយាយប្រាប់ថា ខ្លួនបានធ្វើការចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ បានចំនួន១.០១០.៤៨៩.០០០ដូស ហើយគណៈកម្មការនេះ បាននិយាយប្រាប់កាលពីថ្ងៃសុក្រថា ថ្នាំវ៉ាក់សាំងកូវីដ១៩ ត្រូវបានផ្តល់ឲ្យបានចំនួន៩៤៥លានដូស។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួ បានរាយការណ៍នៅថ្ងៃអាទិត្យថា ប្រទេសចិនកំពុងតែបង្កើនយុទ្ធនាការចាប់ថ្នាំវ៉ាក់សាំងរបស់ខ្លួន និងថា វាបានប្រើប្រាស់ពេលវេលាចំនួន២៥ថ្ងៃពីចំនួន១០០លានទៅ២០០លានដូស រយៈពេល១៦ថ្ងៃឡើងដល់៣០០លានដូស និងរយៈពេល៦ថ្ងៃឡើងពី៨០០លានទៅ៩០០លាន។

លោក Zeng Yixin ជាអនុប្រធាននៃគណៈកម្មការសុខភិបាលជាតិចិន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា មន្ត្រីកំពុងតែស្វះស្វែងប្រឹងប្រែងចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ឲ្យដល់ប្រជាជនខ្លួនបានយ៉ាងតិចចំនួន៧០ភាគរយនៃចំនួនប្រជាជនចិនសរុប នៅត្រឹមចុងឆ្នាំ២០២១នេះ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top