ព័ត៌មានអន្តរជាតិ

អាមេរិកកំពុងពិភាក្សា ជាមួយតួកគី ស្តីពី សន្តិសុខ អាហ្វហ្គានីស្ថាន

បរទេស៖ក្រោយទីក្រុងអង់ការ៉ាស្នើសុំធ្វើប្រតិបត្តិការ និងការពារអាកាសយានដ្ឋានកាប៊ុល បន្ទាប់ពីអាមេរិកដកកងទ័ពចេញនោះ នៅថ្ងៃចន្ទសប្ដាហ៍នេះ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិកមួយរូប បាននិយាយថា កិច្ចពិភាក្សាគ្នារវាង អាមេរិកនិងតួកគីស្តីពីសហប្រតិបត្តិការសន្តិសុខនៅអាហ្វហ្គានីស្ថាន កំពុងតែប្រព្រឹត្តទៅ។

ប៉ុន្តែយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានបដិសេធមិនផ្តល់សេចក្តីលម្អិត ស្តីពីការរៀបចំសម្រាប់អាកាសយានដ្ឋាននោះ នឹងដំណើរការទៅយ៉ាងណានោះទេ។

លោកបានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “យើងពិតជាស្វាគមន៍ចំពោះតួនាទីដ៏មានអំណោយផលរបស់តួកគី នៅពេលដែលនិយាយដល់ការដកកងកម្លាំងទ័ពនិងសុវត្ថិភាពកាន់តែក្រៃលែង ព្រមទាំងស្ថានភាពសន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន”។

មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា ប្រទេសទាំងពីរ នៅតែកំពុងធ្វើការពិភាក្សាគ្នាពីសហប្រតិបត្តិការសន្តិសុខកាន់តែធំទូលាយខ្លាំងឡើង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នាពេលបច្ចុប្បន្ននេះ៕

Most Popular

To Top