ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល៖ ប្រទេសលោកត្រៀមខ្លួនរួចរាល់ ដើម្បីវាយប្រហារអ៊ីរ៉ង់

បរទេស៖រដ្ឋមន្ត្រីការពារជាតិនៃប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បាននិយាយក្នុងពេលថ្មីៗនេះថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើការវាយប្រហារអ៊ីរ៉ង់ ក្នុងដំណើរសងសឹកមួយ ចំពោះការវាយប្រហារថ្មីៗនេះ ទៅលើនាវាដឹកប្រេងមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអ៊ីស្រាអែល។

នៅពេលត្រូវទីភ្នាក់ងារសារព័ត៌មានអ៊ីស្រាអែល Ynet News សួរកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងការពារជាតិអ៊ីស្រាអែល បានត្រៀមខ្លួនរួចរាល់ហើយឬនៅ ដើម្បីធ្វើចំណាត់ការយោធាប្រឆាំងនឹងអ៊ីរ៉ង់នោះ លោក Benny Gantz បានឆ្លើយតបវិញថា ត្រៀមខ្លួនរួចរាល់ហើយ។

លោករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលរូបនេះ បានមានប្រសាសន៍បន្តយ៉ាងដូច្នេះថា “ប្រទេសអ៊ីរ៉ង់ប្រឹងប្រែងបង្កបញ្ហាប្រឈមជាច្រើន ចំពោះអ៊ីស្រាអែល ដូចជាការបង្កើនកម្លាំងរបស់ខ្លួន នៅក្នុងប្រទេសលីបង់និងតំបន់ហ្គាហ្សា បញ្ជូនកងជីវពលចូលក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ង់ ព្រមទាំងរក្សាក្រុមគាំទ្ររបស់ខ្លួននៅក្នុងប្រទេសយេម៉ែន។ អ៊ីរ៉ង់គឺជាបញ្ហាក្នុងសកលលោកនិងក្នុងតំបន់ និងជាបញ្ហាប្រឈមរបស់អ៊ីស្រាអែល”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Benny Gantz បានថ្លែងបន្តទៀតយ៉ាងដូច្នេះថា ប្រទេសអ៊ីរ៉ង់ ក៏ជាការគម្រាមកំហែងសកលមួយ មិនមែនត្រឹមតែជាការគម្រាមកំហែងមួយ ចំពោះប្រទេសអ៊ីស្រាអែលនោះទេ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top