ព័ត៌មានអន្តរជាតិ

អាមេរិក មិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើការកត់សម្គាល់​ ដោយគ្មានការទទួលខុសត្រូវ លើបញ្ហាសមុទ្រចិន ខាងត្បូងឡើយ

ប៉េកាំង ៖ ប្រទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក មិនមាន លក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើការកត់សម្គាល់ ដោយគ្មានការទទួលខុសត្រូវ លើបញ្ហាសមុទ្រចិន ខាងត្បូងនោះឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។

លោក Dai Bing ដែលជាភារធារីនៃបេសកកម្មអចិន្ត្រៃយ៍ របស់ចិនប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ ក្រុមប្រឹក្សាសន្តិសុខ ស្តីពីសន្តិសុខដែនសមុទ្រថា“ សហរដ្ឋអាមេរិក ខ្លួនឯងមិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើការកត់សម្គាល់ ដោយមិនទទួលខុសត្រូវ ចំពោះបញ្ហាសមុទ្រចិន ខាងត្បូងនោះឡើយ” ។

លោកបានបញ្ជាក់ថា “ខ្ញុំក៏ចង់ចង្អុលបង្ហាញថាក្រុមប្រឹក្សាសន្តិសុខ មិនមែនជាកន្លែងត្រឹមត្រូវ ក្នុងការពិភាក្សាអំពីបញ្ហាសមុទ្រចិន ខាងត្បូងនោះទេ។ អាមេរិក ទើបតែលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូង ហើយចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើនេះ” ។

បច្ចុប្បន្នដោយមានកិច្ចប្រឹងប្រែងរួមគ្នា របស់ចិននិងបណ្តាប្រទេសអាស៊ាន ស្ថានភាព នៅសមុទ្រចិន ខាងត្បូង នៅតែមានស្ថិរភាព ជាទូទៅប្រទេសទាំងអស់ ទទួលបានសេរីភាពក្នុងការធ្វើ នាវាចរណ៍និងការហោះហើរ ស្របតាមច្បាប់អន្តរជាតិ។

ចិន និងបណ្តាប្រទេសអាស៊ាន ប្តេជ្ញាអនុវត្តឱ្យបានពេញលេញ និង មានប្រសិទ្ធភាព សេចក្តីថ្លែងការណ៍ ស្តីពីការប្រព្រឹត្ដរបស់ភាគីនៅសមុទ្រចិនខាងត្បូង និងខិតខំសម្រេច ឱ្យបាននូវក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង ក្នុងពេលឆាប់ៗនេះ។

ឯកអគ្គរដ្ឋទូតរូបនេះ បានកត់សម្គាល់ថា សហរដ្ឋអាមេរិក បានបង្កបញ្ហាដោយគ្មានអ្វីសោះដោយបំពានការបញ្ជូននាវា និងយន្តហោះយោធាទំនើបៗ ចូលទៅក្នុងសមុទ្រចិនខាងត្បូង ជាការបង្ករឿង និងព្យាយាម ជាសាធារណៈ ដើម្បីជំរុញឱ្យមានការបែកបាក់ទៅ ក្នុងប្រទេសក្នុងតំបន់ ជាពិសេសប្រទេសដែលពាក់ព័ន្ធ ។

លោកបានលើកឡើងថា“ ប្រទេសនេះខ្លួនឯង បានក្លាយជាការគំរាមកំហែងធំបំផុត ចំពោះសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង” ។

លោកបានអះអាងថា “ អាមេរិកខ្លួនឯង មិនចូលរួមជាមួយ UNCLOS (អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ) នោះទេ ប៉ុន្តែចាត់ទុកខ្លួនឯងថា ជាចៅក្រមនៃអនុសញ្ញានេះ ដោយចង្អុលដៃទៅប្រទេសដទៃទៀត និងជ្រៀតជ្រែកតាមអំពើចិត្ត ។ វាគ្មានការជឿជាក់លើបញ្ហាដែន សមុទ្រនោះទេ”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top