ព័ត៌មានអន្តរជាតិ

ប៉ូឡូញ បញ្ជូនកងទ័ពទៅព្រំដែនបេឡារុស ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍

បរទេស៖ប្រទេសប៉ូឡូញ នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយប្រាប់ថា ខ្លួនបានបញ្ជូនទាហានជាង៩០០នាក់ ទៅកាន់ព្រំដែនជាប់នឹងប្រទេសបេឡារុស ដើម្បីទប់ស្កាត់ចំនួនជនអន្តោប្រវេសន៍កើនឡើង ដែលព្យាយាមចូលមកអាល្លឺម៉ង់។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន POLITICO នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា អនុរដ្ឋមន្ត្រីការពារជាតិនៃប្រទេសប៉ូឡូញ លោក Minister Maciej Wąsik បានមានប្រសាសន៍យ៉ាងដូច្នេះថា “កងកម្លាំងការពារព្រំដែន នឹងអនុញ្ញាតឲ្យជនអន្តោរប្រវេសន៍ខុសច្បាប់ ចូលមកក្នុងប្រទេសប៉ូឡូញឡើយ”។

គួរបញ្ជាក់ថា ប្រទេសប៉ូឡូញ បានក្លាយជាគោលដៅនៅអឺរ៉ុបចុងក្រោយបំផុត សម្រាប់អ្នកសុំសិទ្ធិជ្រកកោន ដែលភាគច្រើនគឺមកពីប្រទេសអ៊ីរ៉ាក់ ប៉ុន្តែក៏មានមកពីស៊ីរីនិងអាហ្វហ្គានីស្ថាន ហើយមានមនុស្សកាន់តែច្រើន កំពុងតែបង្ហាញខ្លួននៅព្រំដែនប៉ូឡូញ ក្រោយប្រទេសលីទុយអានី រឹតបន្តឹងគោលនយោបាយខ្លួន និងបដិសេធមិនឲ្យជនអន្តោរប្រវេសន៍ខុសច្បាប់ភាគច្រើនចូល។

យោងតាមទិន្នន័យផ្លូវការរបស់ប៉ូឡូញ ដែលចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ នៅក្នុងខែនេះ មនុស្សចំនួន២.១០០នាក់ បានព្យាយាមចូលក្នុងប្រទេសប៉ូឡូញដោយខុសច្បាប់ ហើយនៅក្នុងចំណោមអ្នកទាំងនោះ មនុស្សចំនួន១.៣៤២នាក់ ត្រូវបានរារាំងដោយកងកម្លាំងការពារព្រំដែន ចំណែកមនុស្សចំនួន៧៥៨នាក់ ត្រូវបានដាក់នៅក្នុងមណ្ឌលរង់ចាំ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top