ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ចំនួន១៨២នាក់ បន្ថែមទៀត


រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រេស៊ីល បានចុះបញ្ជីការស្លាប់ចំនួន១៨២នាក់ បន្ថែមទៀតដោយជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់៦០១.០១១នាក់ ។

ក្រសួងបានបញ្ជាក់ថា ករណីកូវីដ-១៩ចំនួន ៨.៦៣៩ករណីផ្សេងទៀតត្រូវបានកត់ត្រា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនករណីសរុបកើនឡើងដល់២១.៥៧៥.៨២០នាក់ ។

ប្រេស៊ីល គឺជាប្រទេសទី២នៅលើពិភពលោកបន្ទាប់ពី សហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ច្រើន ជាងគេដោយសារជំងឺកូវីដ -១៩ និងមានអ្នកឆ្លងជំងឺច្រើនបំផុតលំដាប់លេខ៣ នៅពីក្រោយសហរដ្ឋអាមេរិក និងឥណ្ឌា ។

រដ្ឋសៅប៉ូឡូរបស់ប្រទេសប្រេស៊ីល ដែលមានប្រជាជនច្រើនជាងគេនៅក្នុងប្រទេសនេះ ត្រូវបានប៉ះពាល់ដោយជំងឺនេះ ខ្លាំងបំផុតដោយអ្នកឆ្លងចំនួន ៤.៣៨៣.៣៨១ករណី និងមានអ្នកស្លាប់១៥០.៧៥៦នាក់ បន្ទាប់មក គឺទីក្រុងរីយូឌឺចាណេរ៉ូ ដែលបានរាយការណ៍ពីការឆ្លងចំនួន១.៣០០.៧១២នាក់ និងមាន អ្នកស្លាប់ចំនួន៦៧.១៧៥នាក់ ។

ប្រេស៊ីល បានចាក់វ៉ាក់សាំងលើមនុស្សចំនួន ២៤៨.២លាននាក់ប្រឆាំងនឹងជំងឺនេះ គិតត្រឹមថ្ងៃសៅរ៍១៤៩.៤លាននាក់ ស្មើនឹងជាង៧០ភាគរយនៃប្រជាជនទាំងអស់ ហើយបានទទួលយ៉ាងហោចណាស់១ដូស ហើយចំនួន ៩៨.៨លាននាក់ ស្មើនឹងច្រើនជាង៤៦ភាគរយ ត្រូវបានចាក់វ៉ាក់សាំងគ្រប់កម្រិត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top