ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីល ផ្លោងចូល ក្នុងសមុទ្រ

បរទេស ៖ អគ្គសេនាធិការចម្រុះ របស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានបាញ់ មីស៊ីលផ្លោង ចូលទៅក្នុងសមុទ្រ នៅមុនកិច្ចពិភាក្សាយុទ្ធសាស្ត្រ ព្យុងយ៉ាង ត្រីភាគី រវាងទីក្រុងវ៉ាស៊ីនតោន ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ។

ទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍ថា អគ្គសេនាធិការចម្រុះបាននិយាយ ដោយមិនផ្តល់សេចក្តី លម្អិតបន្ថែមថា មីស៊ីលនោះ គឺត្រូវបានបាញ់ចេញពីទីក្រុង Sinpo ក្នុងខេត្ត South Hamgyong ឆ្ពោះទៅទិសខាងកើត និងត្រូវបានចាប់សញ្ញាបាននៅម៉ោង ១០និង១៧នាទីព្រឹកនេះ។

អគ្គសេនាធិការចម្រុះ របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយប្រាប់អ្នកសារព័ត៌មាន ក្នុងសារមួយថា ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងតែធ្វើការវិភាគ លើការបាញ់មីស៊ីល ដែលកើតមានឡើង ស្របពេលមានកិច្ចពិភាក្សាក្នុង ទីក្រុងវ៉ាស៊ីនតោន រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ស្តីពីការពង្រឹងអាវុធ របស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា កាលពីខែមុន ទីក្រុងព្យុងយ៉ាង បានធ្វើការបាញ់តេស្តអាវុធ ជាបន្តបន្ទាប់ រួមមានទាំងអាវុធថ្មីចំនួន៤ផង ។ នៅថ្ងៃអង្គារនេះ ប្រេសិតនុយក្លេអ៊ែជាន់ខ្ពស់ របស់កូរ៉េខាងត្បូង លោក Noh Kyu-duk កំពុងនៅក្នុងទីក្រុងវ៉ាស៊ីនតោន សម្រាប់ជំនួប ជាមួយលោក Sung Kim តំណាងអាមេរិក និងលោក Takehiro Funakoshi តំណាងជប៉ុន ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top