ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង បំបាំងកាយអង់គ្លេស ធ្លាក់ពីនាវាផ្ទុកយន្តហោះចូលទៅក្នុងសមុទ្រ 

បរទេស៖ នៅក្នុងខណៈពេលធ្វើការហោះហើរ ចេញពីនាវាផ្ទុកយន្តហោះ HMS Queen Elizabeth របស់ទ័ពជើងទឹកអង់គ្លេស នៅព្រឹកថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ យន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ F-35 បានធ្លាក់ចូលទៅក្នុងសមុទ្រមេឌីទែរ៉ានេ។

ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា បើយោងទៅតាមក្រសួងការពារជាតិរបស់ប្រទេសអង់គ្លេស អ្នកបើកបរយន្តហោះចម្បាំងនោះ បានរួចជីវិតពីគ្រោះថ្នាក់នៅម៉ោងដ១០ព្រឹកនោះ ហើយការិយាល័យព័ត៌មានបានសរសេរបញ្ជាក់ថា ពីឡុងបានវិលត្រឡប់មកកាន់នាវាវិញដោយសុវត្ថិភាព ហើយការស៊ើបអង្កេតចំពោះករណីគ្រោះថ្នាក់នេះ កំពុងតែត្រូវបានធ្វើឡើង។

ដោយវិលត្រឡប់មកពីព្រែកជីក Suez Canal នាពេលថ្មីៗនេះនោះ នាវាផ្ទុកយន្តហោះអង់គ្លេស HMS Queen Elizabeth កំពុងស្ថិតនៅក្នុងសមុទ្រមេឌីទែរ៉ានេ ក្រោយធ្វើដំណើរកាត់តាមតំបន់អាស៊ីប៉ាស៊ីហ្វិក ជាផ្នែកនៃក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះលេខ២១ កាលពីដើមឆ្នាំនេះ។
គួរបញ្ជាក់ថា គ្រោះថ្នាក់នេះ នឹងជាការបាត់បង់លើកទី៣នៃយន្តហោះចម្បាំង F-35 ក្នុងប្រវត្តិសាស្ត្រនៃកម្មវិធីយន្តហោះចម្បាំងនេះ។

កាលពីឆ្នាំមិញ យន្តហោះចម្បាំង F-35B របស់កងកម្លាំងម៉ារីសសហដ្ឋអាមេរិកមួយគ្រឿង បានបុកប៉ះទង្គិចគ្នាជាមួយយន្តហោះ KC-130 ក្នុងខណៈចាក់សាំងក្នុងអាកាស នៅលើរដ្ឋកាលីហ្វូញ៉ា ហើយកាលពីឆ្នាំ២០១៨ យន្តហោះចម្បាំងនេះ ក៏ជួបគ្រោះថ្នាក់នៅជិតមូលដ្ឋានដែនអាកាសរបស់កងកម្លាំងម៉ារីន ក្នុងរដ្ឋការ៉ូលីណាខាងត្បូងផងដែរ៕ ប៉ាង កុង

Most Popular

To Top