ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ៖ រុស្ស៊ី អាចនឹងធ្វើការ វាយលុកទ្រង់ទ្រាយធំ នៅខែមករា

បរទេស ៖ ប្រទេសអ៊ុយក្រែន នៅថ្ងៃសុក្រនេះ បាន ធ្វើការព្រមានថា ប្រទេសរុស្ស៊ីអាច នឹងចាប់ផ្តើមធ្វើការ វាយប្រហារទ្រង់ទ្រាយធំមួយ លើប្រទេសអ៊ុយក្រែន នៅចុងខែមករា ស្របពេល ដែលភាពតានតឹង កំពុងកើនកម្តៅខ្លាំងឡើង ជុំវិញការប្រមូលផ្តុំកងទ័ពរុស្ស៊ី នៅជិតព្រំដែននៃទីក្រុងកៀវ ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន BARRON’S នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួន អស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ បានចោទប្រកាន់ប្រទេសរុស្ស៊ី ពីបទរៀបផែនការឈ្លានពាន ប្រទេសអ៊ុយក្រែន និងប្រមូលផ្តុំកងទ័ពនៅតាមព្រំដែន នៃទីក្រុងកៀវ ។

រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសអ៊ុយក្រែន លោក Oleksiy Reznikov បានព្រមានដូច្នេះថា “ពេលវេលាដ៏ទំនងបំផុត ដែលឈានដល់ការត្រៀម លក្ខណៈរួចរាល់ សម្រាប់ការបង្កើន ភាពតានតឹងខ្លាំង គឺនៅចុងខែមករា” ហើយលោកបន្ថែមថា ទីភ្នាក់ងារចារកម្មអ៊ុយក្រែន កំពុងតែធ្វើការវិភាគ លើគ្រប់សេណារីយ៉ូទាំងអស់ ។

លោករដ្ឋមន្ត្រីការពារជាតិ នៃប្រទេសអ៊ុយក្រែនរូបនេះ ក៏បានធ្វើការប៉ាន់ស្មានថា ប្រទេសរុស្ស៊ី មានកងទ័ព ប្រមាណ១០០.០០០នាក់ ឈរជើងនៅជិតព្រំដែន អ៊ុយក្រែន នៅក្នុងតំបន់គ្រីមា និងនៅក្នុងតំបន់ដែលពួកបះបោរគ្រប់គ្រង ក្នុងប្រទេស អ៊ុយក្រែន ភាគខាងកើត៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top