ព័ត៌មានអន្តរជាតិ

ថៃ ចាប់ផ្ដើមយុទ្ធនាការ ទេសចរណ៍ ដើម្បីជួយ ឲ្យវិស័យនេះ ស្ទុះងើបឡើងវិញ

បាងកក៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា បានបញ្ជាកាលពីថ្ងៃពុធឱ្យចាប់ផ្តើមយុទ្ធនាការទេសចរណ៍ថ្មីមួយក្រោមប្រធានបទ “Amazing Thailand New Chapter” ដោយសង្ឃឹមថា នឹងធ្វើឱ្យវិស័យទេសចរណ៍ ដែលរងគ្រោះខ្លាំងរបស់ប្រទេសនេះ ស្ទុះងើបឡើងវិញ។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana យុទ្ធនាការនេះមានគោលបំណងជួយសម្រួលដល់និរន្តរភាព និងសុវត្ថិភាពទេសចរណ៍របស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Thanakorn បានលើកឡើងថា រដ្ឋាភិបាលក៏គ្រោងនឹងដាក់ចេញថ្លៃចូលចំនួន ៣០០ បាត (ប្រហែល ៩ ដុល្លារអាមេរិក) ក្នុងមនុស្សម្នាក់ សម្រាប់ភ្ញៀវទេសចរ ដែលចូលមក ទស្សនា ដោយចាប់ផ្តើមពីខែមេសា ឆ្នាំនេះ។

លោកបានបន្ថែមថា តម្លៃនេះនឹងត្រូវដាក់បញ្ចូលក្នុងថ្លៃសំបុត្រយន្តហោះ ហើយត្រូវបានប្រើប្រាស់ដើម្បីអភិវឌ្ឍតំបន់ទេសចរណ៍ ក៏ដូចជាការធានារ៉ាប់រង សម្រាប់ភ្ញៀវទេសចរ។

អ្នកនាំពាក្យរូបនេះបានបន្ដថា ប្រាក់ចំណូលដែលរំពឹងទុកពីវិស័យទេសចរណ៍នៅឆ្នាំនេះ គឺប្រហែល ១,៣-១,៨ ទ្រីលានបាត (៣៩-៥៤ ពាន់លានដុល្លារ) ដោយក្នុងនោះ ៨០០ពាន់លានបានពីអ្នកធ្វើដំណើរបរទេស។

លោក Thanakorn បានបន្ថែមថា ប្រសិនបើគំរូឆ្នាំនេះធ្វើតាមឆ្នាំមុន ភ្ញៀវទេសចរមកពីអឺរ៉ុប និងសហរដ្ឋអាមេរិក នឹងក្លាយជាអ្នករួមចំណែកដ៏សំខាន់ បន្ទាប់មកអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា អាចនឹងកើនឡើងដល់ ៧លាននាក់៕ដោយ ឈូក បូរ៉ា

Most Popular

To Top