ព័ត៌មានអន្តរជាតិ

រដ្ឋ Maryland​ ៖ បុរសម្នាក់ ត្រូវបានគេឃើញស្លាប់នៅក្នុងផ្ទះ ជាមួយនឹងសត្វពស់ជាង ១០០ក្បាល នៅហ៊ុព័ទ្ធ

បរទេស ៖ អ្នកស៊ើបអង្កេតបាននិយាយកាល ពីថ្ងៃព្រហស្បតិ៍ថា បុរសម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងផ្ទះរបស់គាត់ក្នុងរដ្ឋ Maryland កាលពីល្ងាចថ្ងៃពុធ ដែលសាកសព របស់បុរសរូបនោះ គឺហ៊ុព័ទ្ធដោយពស់ជាង ១០០ក្បាល ។

យោងតាមសារព័ត៌មាន CBS News ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងតម្រួតរបស់ Charles County បាននិយាយថា អាជ្ញាធរបានឆ្លើយតបទៅផ្ទះនៅ Pomfret បន្ទាប់ពីបានទទួលទូរស័ព្ទ ពីអ្នកជិតខាងដែលនិយាយថា គាត់បានទៅពិនិត្យ ទៅលើអ្នករស់នៅក្បែរខាង ហើយបានរកឃើញ គាត់សន្លប់នៅលើឥដ្ឋ។ ក្រុមមន្ត្រីបាននិយាយថា បុគ្គលិក EMS បានមកដល់ ហើយបានរកឃើញបុរសអាយុ ៤៩ ឆ្នាំម្នាក់បានស្លាប់នៅលើឥដ្ឋ ។

ក្រុមមន្ត្រីបាននិយាយថា នៅខាងក្នុងផ្ទះនោះផងដែរ សត្វពស់ដែលមានពិស និងគ្មានពិសខុសៗ គ្នា ជាង ១០០ក្បាល ត្រូវបានគេរកឃើញ នៅក្នុងធុងដាក់នៅលើធ្នើ ។ Jennifer Harris អ្នកនាំពាក្យរបស់ Charles County Animal Control បានប្រាប់ WRC-TV ថា ពូជពស់ទាំងនោះរួមមាន ពស់ថ្លាន់ ពស់កន្ទុយកណ្តឹង ពស់វែក និងមេបាសខ្មៅ ។

Harris បាននិយាយថា បុរសដែលមន្ត្រីមិនបានកំណត់អត្តសញ្ញាណ ទំនងជារស់នៅតែម្នាក់ឯង ហើយអ្នកជិតខាងរបស់គាត់ មិនបានដឹងថា គាត់មានពស់នៅក្នុងផ្ទះរបស់គាត់ទេ។ វាជារឿងខុសច្បាប់ក្នុងការមានពស់ ពិសនៅក្នុងរដ្ឋ Maryland ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top