ព័ត៌មានអន្តរជាតិ

Updated៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ុយក្រែន ជួបគ្នានៅតួកគី

តួកគី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និងសមភាគីអ៊ុយក្រែនលោក Dmytro Kuleba កំពុងជួបប្រជុំគ្នានៅទីក្រុង ANTALYA ប្រទេសតួកគីនៅថ្ងៃនេះ ។

ជំនួបនេះធ្វើឡើងនៅក្រៅវេទិកាអន្តរជាតិមួយក្នុងវត្តមានរបស់រដ្ឋមន្ត្រីការបរទេសតួកគី Mevlut Cavusoglu ។

វាគឺជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងរវាងក្រុងម៉ូស្គូ និងក្រុងគៀវ ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” នៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។

រដ្ឋមន្ត្រីទាំង៣គ្រោងនឹងធ្វើសន្និសីទសារព័ត៌មានដាច់ដោយឡែកបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុង Belek ដែលជាទីក្រុងរមណីយដ្ឋានចម្ងាយប្រហែល៣០គីឡូម៉ែត្រពីទីរួមខេត្ត Antalya ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា កិច្ចប្រជុំនេះគឺជាការបន្តដ៏សំខាន់នៃដំណើរការចរចា ។

ខណៈដែលគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី បានបើកកិច្ចចរចាសន្តិភាពចំនួន៣ក្នុងប្រទេសប៊ែលឡារុស្សចាប់តាំងពីសប្តាហ៍មុន ការចរចាបានបញ្ចប់ដោយគ្មានការរីកចម្រើនគួរឱ្យកត់សម្គាល់ណាមួយអំពីការបញ្ចប់ជម្លោះនោះទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top