ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី នឹងផ្អាកការផ្គត់ផ្គង់ឧស្ម័ន ឲ្យប៉ូឡូញ និងប៊ុលហ្គារី

វ៉រស/សូហ្វីយ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ី នឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ទៅកាន់ប្រទេសប៉ូឡូញ និងប៊ុលហ្គារីចាប់ពីថ្ងៃពុធនេះ បើយោងតាមក្រុមហ៊ុនថាមពល និងអាជ្ញាធរ បានឲ្យដឹងដូច្នេះ ។

ក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋរបស់ប៉ូឡូញ ឈ្មោះ PGNiG បាននិយាយកាលពីថ្ងៃអង្គារថា សាជីវកម្មថាមពលរបស់រុស្ស៊ី Gazprom នឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួន ទៅកាន់ប្រទេសប៉ូឡូញចាប់ពីល្ងាចថ្ងៃពុធ។

ក្រុមហ៊ុន PGNiG បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “PGNiG បានទទួលសំបុត្រពីក្រុមហ៊ុន Gazprom ប្រកាសពីការផ្អាកការ ផ្គត់ផ្គង់ទាំងស្រុង ក្រោមកិច្ចសន្យា Yamal” ។ PGNiG បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ។

ក្រុមហ៊ុន PGNiG ក៏បានធានាដល់អតិថិជនថា ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសប៉ូឡូញ ត្រូវបានធានាផងដែរ ដោយសារវាមានការតភ្ជាប់ បំពង់ជាមួយប្រទេសជិតខាង និងស្ថានីយឧស្ម័នធម្មជាតិរាវ (LNG) នៅភាគពាយព្យនៃប្រទេស នេះបើយោងតាមសេចក្តីថ្លែងការណ៍ ។

ហេតុផលដែលបានផ្តល់ឱ្យដោយក្រុមហ៊ុន Gazprom គឺការបដិសេធរបស់ PGNiG លើការទូទាត់ជាប្រាក់រូប្លែ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ បានចុះផ្សាយដូច្នេះ ។

លោក Mateusz Morawiecki នាយករដ្ឋមន្ត្រីប៉ូឡូញ បានបញ្ជាក់សេចក្តីជូនដំណឹង ពីក្រុមហ៊ុន Gazprom ដើម្បីផ្អាកការផ្គត់ផ្គង់ឧស្ម័ន ហើយបានថ្លែងថា ប្រទេសប៉ូឡូញ មានសុវត្ថិភាពថាមពល ។

ក្រសួងថាមពលប៊ុលហ្គារី បានឲ្យដឹងកាលពីល្ងាចថ្ងៃអង្គារថា ប្រទេសរុស្ស៊ី ដែលបច្ចុប្បន្នគ្របដណ្តប់ ស្ទើរតែទាំងអស់ នៃតម្រូវការឧស្ម័ន របស់ប្រទេសប៊ុលហ្គារី ក៏នឹងផ្អាកការផ្គត់ផ្គង់ឧស្ម័ន ទៅកាន់ប្រទេសបាល់កង់ផងដែរ នៅថ្ងៃពុធនេះ ក្រសួងថាមពលប៊ុលហ្គារី បានឲ្យដឹងកាលពីល្ងាចថ្ងៃអង្គារ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top