ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន និងអង់គ្លេស ចុះកិច្ចព្រមព្រៀង លើពាណិជ្ជកម្មអនុគ្រោះ

គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានឲ្យដឹង ដោយដកស្រង់ប្រភព របស់ក្រសួងសេដ្ឋកិច្ចអ៊ុយក្រែនថា ប្រទេសអ៊ុយក្រែន និងចក្រភពអង់គ្លេស បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយ ស្តីពីការលុបបំបាត់ពន្ធនាំចូល និងកូតាពន្ធ ។

ក្រសួងបានឲ្យដឹងថា “អ៊ុយក្រែន និងចក្រភពអង់គ្លេស បានកំណត់ដោយស្របច្បាប់ នូវការលុបបំបាត់ពន្ធនាំចូល និងកូតាពន្ធក្នុងពាណិជ្ជកម្មទ្វេភាគី ដោយការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយ” ។

កិច្ចព្រមព្រៀងពាណិជ្ជកម្ម អនុគ្រោះដែលនឹងប្រព្រឹត្ត ទៅរយៈពេល ១២ ខែ ត្រូវបានកំណត់ដើម្បីជំរុញ ការនាំចេញទំនិញ ដែលមានតម្លៃបន្ថែមខ្ពស់ពីអ៊ុយក្រែន រួមមានម្សៅ គ្រាប់ធញ្ញជាតិ ផលិតផលទឹកដោះគោ បសុបក្សី ម្សៅប៉េងប៉ោះ ទឹកឃ្មុំ ពោត ស្រូវសាលី ទឹកផ្លែឈើ ផ្សិត និងស្ករ ។

គួរបញ្ជាក់ថា កាលពីខែមុន សហភាពអឺរ៉ុប បានសម្រេចលុបចោល ការយកពន្ធនិងកូតា លើទំនិញ ឧស្សាហកម្ម និងអាហារ របស់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top