ព័ត៌មានអន្តរជាតិ

សំណើរបស់សហភាព អឺរ៉ុបលើការហាមប្រាម ការនាំចូលប្រេង ពីរុស្ស៊ី មានផលប៉ះពាល់តិចតួច

ព្រុចសែល ៖ ប្រធានគណៈកម្មការ អឺរ៉ុបលោកស្រី Ursula von der Leyen បានឲ្យដឹងថា សហភាពអឺរ៉ុប នឹងបញ្ឈប់ការផ្គត់ផ្គង់ប្រេងឆៅ របស់រុស្ស៊ីក្នុងរយៈពេល ៦ខែ និងផលិតផលចម្រាញ់ នៅចុងឆ្នាំនេះ ។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគដែលមានមូលដ្ឋាន នៅអ៊ីតាលីបានឲ្យដឹងថា ការផ្លាស់ប្តូរនេះ ប្រសិនបើត្រូវបានអនុម័ត ទំនងជាមានផលប៉ះពាល់ តិចតួចនៅអឺរ៉ុប និងរុស្ស៊ី ។

សំណើរបស់លោកស្រី Von der Leyen មិនបានដោះស្រាយការនាំចូល ឧស្ម័នធម្មជាតិទេ ។ សហភាពអឺរ៉ុប គឺ ជាទីផ្សារដ៏ធំបំផុត សម្រាប់ការនាំចេញ ឧស្ម័នធម្មជាតិ របស់រុស្ស៊ី ដែលប្រទេស ដែលមានសេដ្ឋកិច្ចធំ ជាងគេចំនួនពីរ គឺអាល្លឺម៉ង់ និងអ៊ីតាលី ពឹងផ្អែកខ្លាំង ។ ប្រទេសបារាំង ដែលជាប្រទេស សេដ្ឋកិច្ចធំទីពីរ របស់សហភាពអឺរ៉ុប ទទួលបានថាមពលអគ្គិសនី ភាគច្រើនពីថាមពលនុយក្លេអ៊ែរ ។

លោក Eugenio Pinto សាស្ត្រាចារ្យផ្នែករដ្ឋបាលធុរកិច្ច នៅនាយកដ្ឋានសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ LUISS នៃទីក្រុងរ៉ូម បានប្រាប់ស៊ីនហួថា “ការជំនួសការនាំចូលប្រេង នឹងមានភាពងាយស្រួល ជាងការជំនួសការនាំចូល ឧស្ម័នធម្មជាតិ ការនាំចេញប្រេង មានលក្ខណៈ ចល័តច្រើនជាងការ ដឹក ជញ្ជូនឧស្ម័ន ហើយមានប្រភព ផ្គត់ផ្គង់ច្រើនទៀត”។

លោក Javier Noriega សេដ្ឋវិទូជាន់ខ្ពស់ជាមួយ Hildebrandt និង Ferrar នៅទីក្រុង Milan បានយល់ស្របថា “តម្លៃសំខាន់នៃការផ្លាស់ប្តូរនេះ គឺជានិមិត្តសញ្ញា” ។

ទោះជាយ៉ាងណាក៏ដោយ សំណើរបស់លោកស្រី von der Leyen គឺជានិមិត្តរូបនៃការបែកបាក់គ្នាក្នុងចំណោមរដ្ឋសមាជិកសហភាពអឺរ៉ុបរួចទៅហើយ។ ហុងគ្រី និងស្លូវ៉ាគី បាននិយាយរួចមកហើយថា ពួកគេនឹងមិនអនុវត្តតាម ហើយយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ ពួកគេនឹងត្រូវបាន ផ្តល់ពេលបន្ថែមមួយឆ្នាំ ដើម្បីធ្វើតាមការប្តឹង របស់រដ្ឋសមាជិក ២៥ប្រទេស ផ្សេងទៀត៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top