ព័ត៌មានអន្តរជាតិ

យូអិន ថ្កោលទោស ការបញ្ជា របស់ក្រុមតាលីបង់ ឱ្យស្ត្រីអាហ្វហ្គានីស្ថាន បិទមុខ នៅទីសាធារណៈ

យូអិន ៖ អង្គការសហប្រជាជាតិ បានថ្កោលទោស មេដឹកនាំតាលីបង់ អាហ្វហ្គានីស្ថាន ចំពោះការបញ្ជាឱ្យស្ត្រីបិទមុខ របស់ពួកគេនៅទីសាធារណៈ ដែលជាការរឹតបន្តឹងចុងក្រោយបង្អស់ ដែលកើនឡើងដែលបានជំរុញ ឱ្យមានប្រតិកម្មតបតពីសហគមន៍អន្តរជាតិ និងប្រជាជន អាហ្វហ្គានីស្ថានជាច្រើន។

ក្រសួងរបស់តាលីបង់ សម្រាប់ការផ្សព្វផ្សាយ គុណធម៌ និងការការពារអនុ បានបោះផ្សាយក្រឹត្យមួយ ពីមេដឹកនាំកំពូល នៃចលនា គឺ Hibatullah Akhundzada ក្នុង ទីក្រុងកាប៊ុល កាលពីថ្ងៃសៅរ៍។

UNAMA ដែលជាបេសកកម្ម របស់អង្គការសហប្រជាជាតិ ប្រចាំនៅអាហ្វហ្គានីស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ ដោយថាខ្លួនកំពុងស្វែងរកកិច្ចប្រជុំជាមួយក្រុមនេះ ហើយនឹងពិភាក្សាអំពីការឆ្លើយតប ជាអន្តរជាតិកាន់ តែទូលំទូលាយចំពោះក្រឹត្យនេះ។

ក្រឹត្យនេះ បានបញ្ជាក់ ថា “ស្ត្រីដែលមិនចាស់ពេក ឬក្មេង ត្រូវបិទមុខ លើកលែងតែភ្នែក តាមការណែនាំ របស់ Sharia ដើម្បីចៀសវាង ការបង្កហេតុ ពេល ជួបបុរស ដែលមិនមែន ជាម៉ារ៉ាម (សាច់ញាតិ បុរស ពេញវ័យ ជិតស្និទ្ធ )។

ប្រភពបានបន្ថែមថា ប្រសិន បើស្ត្រីមិនមានការងារ សំខាន់នៅខាងក្រៅទេនោះ “ពួកគេនៅផ្ទះប្រសើរជាង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

អ្នកនាំពាក្យបានឲ្យដឹងថា ឪពុក ឬសាច់ញាតិជិតបំផុតរបស់ស្ត្រី ដែលមិនគោរពតាមនឹង ប្រឈមមុខនឹងការជាប់ពន្ធនាគារ ឬការបណ្តេញចេញពីការងាររបស់រដ្ឋាភិបាល។ ពួកតាលីបង់ ក៏បានព្រមាន ថា បរទេស គួរគោរព ការសម្រេច ចិត្តរបស់ពួក តាលីបង់។

រដ្ឋមន្ត្រីក្រសួងផ្សព្វផ្សាយ គុណធម៌ និងការពារលោក Mohammad Khalid Hanafi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា កុំដាក់សម្ពាធបន្ថែមទៀត ពីព្រោះប្រវត្តិសាស្ត្រ គឺជាសាក្សី អាហ្វហ្គានីស្ថាននឹងមិនរងផលប៉ះពាល់ដោយសម្ពាធនោះទេ “យើង សូម អំពាវនាវ ដល់ ពិភពលោក ឲ្យ សហការ ជាមួយ រដ្ឋអ៊ីស្លាម អេមីរ៉ាត និង ប្រជាជន អាហ្វហ្គានីស្ថាន កុំរំខាន យើង”៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top