ព័ត៌មានអន្តរជាតិ

ប្រទេសអេស្ប៉ាញ នឹងវិនិយោគទឹកប្រាក់ ១៣ ពាន់លានដុល្លារ ដើម្បីបង្កើតឧស្សាហកម្ម មីក្រូឈីប

ម៉ាឌ្រីដ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលអេស្ប៉ាញ កាលពីថ្ងៃអង្គារបានប្រកាសផែនការ វិនិយោគ ១៣.២ ពាន់លានដុល្លារ ដើម្បីបំប្លែងប្រទេស ទៅជាប្រទេសផលិតមីក្រូឈីបដ៏សំខាន់ និងជួយកាត់បន្ថយការពឹងផ្អែក របស់អេស្ប៉ាញ និងសហភាពអឺរ៉ុប លើអ្នកផ្គត់ផ្គង់ផ្សេងទៀត ។

ការប្រកាសនៅទីក្រុងម៉ាឌ្រីដ បានធ្វើឡើង នៅពេលនាយករដ្ឋមន្ត្រី លោក Pedro Sanchez នឹងជួបជាមួយមេដឹកនាំ ក្រុមហ៊ុន បច្ចេកវិទ្យា នៅកិច្ចប្រជុំវេទិកា សេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស ដើម្បីពន្យល់ពីផែនការ និងស្វែងរកការវិនិយោគ បន្ថែមទៀត។
ថ្លែងនៅទីក្រុងម៉ាឌ្រីដ ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីសេដ្ឋកិច្ច លោកស្រី Nadia Calviño បាននិយាយថា ផែនការរយៈពេល៥ឆ្នាំ សម្រាប់សំដៅធ្វើឲ្យប្រទេសអេស្ប៉ាញ គ្របដណ្តប់គ្រប់វិស័យ ក្នុងការរចនា និងផលិតមីក្រូឈីប ឥឡូវនេះត្រូវបានចាត់ទុកថា ជាគន្លឹះសម្រាប់គ្រប់វិស័យ នៃឧស្សាហកម្មទំនើប ។

កង្វះខាតបន្ទះឈីបកុំព្យូទ័រ ជាសកលបានធ្វើឲ្យអ្នកប្រើប្រាស់ កាន់តែពិបាកក្នុងការប្រើប្រាស់រថយន្ត កុំព្យូទ័រ និងរបស់ប្រើប្រាស់ទំនើបៗផ្សេងទៀត។ សហភាពអឺរ៉ុបបានប្រកាសពីផែនការ ចំនួន ៤៨ ពាន់លានដុល្លារ ដើម្បីក្លាយជាអ្នកផលិតគ្រឿង អេឡិចត្រូនិកដ៏សំខាន់ ដោយឆ្លុះបញ្ចាំងពីការជំរុញចំនួន ៥២ ពាន់លានដុល្លារ របស់ប្រធានាធិបតី អាមេរិកលោក Joe Biden ក្នុងការវិនិយោគលើវិស័យ ផលិតបន្ទះឈីបថ្នាក់ជាតិ ដើម្បីធានាឲ្យមានការផលិត កាន់តែច្រើននៅក្នុងស្រុក ។

លោកស្រីបាននិយាយថា ផែនការនេះគឺស្ថិតក្នុងចំណោម មហិច្ឆិតាបំផុតនៃគម្រោង របស់រដ្ឋាភិបាលអេស្ប៉ាញ សម្រាប់ចាប់ផ្តើម សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត COVID-19 ហើយវានឹងមានឥទ្ធិពលលើវិស័យផ្សេងទៀត។ គម្រោងនេះត្រូវបានដឹកនាំ ក្នុងការជំរុញទីតាំង ទន់ខ្សោយរបស់ EU ក្នុងការផលិតមីក្រូឈីប លោកស្រី Calviño បានបន្តថា តំណាងឲ្យប្រហែល ១០ភាគរយ នៃចំនួនសរុប ពិភពលោក។ លោកស្រីបានបន្ថែមថា នេះនាំឲ្យមានការពឹងផ្អែកយ៉ាងខ្លាំង ទៅលើផលិតករធំៗ មួយចំនួនតូចដូចជា តៃវ៉ាន់ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន និងចិន ៕ ដោយ៖លី ភីលីព

Most Popular

To Top