ព័ត៌មានអន្តរជាតិ

ផ្ទៃដីប្រមាណជាង ១៦.០០០ហិកតា នៅព័រទុយហ្គាល់ រងការបំផ្លាញ ដោយសារភ្លើងឆេះព្រៃ

លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ថា ប្រព័ន្ធព័ត៌មានភ្លើងឆេះព្រៃ របស់អឺរ៉ុបបានរាយការណ៍ កាលពីថ្ងៃសុក្រថា ផ្ទៃដីជាង១៦.០០០ហិកតា នៅក្នុងតំបន់ការពារដ៏ធំបំផុត នៅក្នុងប្រទេសព័រទុយហ្គាល់ គឺនៅឧទ្យាន Serra da Estrela Park ត្រូវបានបំផ្លាញរួច ហើយដោយសារភ្លើង ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍មុន ។

យោងតាមអាជ្ញាធរ សង្គ្រោះបន្ទាន់ជាតិ និងការពារជនស៊ីវិល បានឱ្យដឹងថា ភ្លើងនៅតែបន្តរាលដាលពាសពេញ តំបន់ភាគកណ្តាលរបស់ប្រទេសនេះ ដែលជាតំបន់ដ៏ធំបំផុត ដែលនៅតែបន្តកើតមាននៅក្នុងប្រទេសព័រទុយហ្គាល់ ហើយអ្នកពន្លត់អគ្គីភ័យ ប្រហែល១.៦០០នាក់ រថយន្ត៤៧០គ្រឿង និងយន្តហោះចំនួន១៨គ្រឿងត្រូវបានចល័តដើម្បីពន្លត់ភ្លើង នេះបើយោងតាមអាជ្ញាធរសង្គ្រោះបន្ទាន់ជាតិ និងការពារជនស៊ីវិល បានបញ្ជាក់ដូច្នេះ ។

លោក Antonio Costa នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ បានថ្លែង កាលពីថ្ងៃសុក្រថា អគ្គីភ័យនេះនឹងត្រូវបាន “សិក្សាលម្អិត” ដើម្បីការពារភ្លើងឆេះប្រភេទនេះ កុំឱ្យកើតឡើងម្តងទៀត នាពេលអនាគត ។

គាត់បានថ្លែងថា ករណីនៃអគ្គីភ័យនៅ Serra da Estrela គឺ “ខ្លាំងបំផុត” ប៉ុន្តែអ្នកពន្លត់អគ្គីភ័យព័រទុយហ្គាល់កំពុងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពផងដែរ ។

លើសពីនេះ អ្នកពន្លត់អគ្គីភ័យជាង២.៧០០នាក់ ជាមួយនឹងរថយន្តផ្លូវគោក សរុបចំនួន៨៥៣គ្រឿង និងតាមផ្លូវអាកាស កំពុងប្រយុទ្ធប្រឆាំងនឹងការភ្លើងឆេះនេះ ចំនួន២៥០គ្រឿងផ្សេងទៀត នៅទូទាំងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top