ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្ដណាតូ តួកគី និងក្រិក កាន់តែមានភាពតឹនតឹង ជុំវិញប្រតិបត្ដិការ នៅសមុទ្រមេឌីទែរ៉ាណេ

អង់ការ៉ា ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានចេញការព្រមានប្រឆាំង នឹងប្រទេសក្រិក ជុំវិញអ្វីដែលទីក្រុង អង់ការ៉ាហៅថា “ការយាយី” នាពេលថ្មីៗនេះ លើយន្តហោះចម្បាំងតួកគីនៅតំបន់ Aegean និងភាគខាងកើត សមុទ្រមេឌីទែរ៉ាណេ ។

លោក Erdogan បានឲ្យដឹងនៅឯមហោស្រពអវកាស និងបច្ចេកវិទ្យា Teknofest ខេត្ត Samsun សមុទ្រខ្មៅថា “ហេក្រិច ក្រឡេកមើល ប្រវត្តិសាស្ត្រវិញទៅ ។ ប្រសិនបើអ្នកទៅឆ្ងាយពេក វានឹងត្រូវចំណាយច្រើន ។ យើងមានប្រយោគតែមួយ សម្រាប់ក្រិក កុំភ្លេច Izmir”។

លោកសំដៅទៅលើការដកទ័ពក្រិក ចេញពីខេត្ត Izmir ភាគខាងលិចរបស់តួកគី កំឡុងសង្គ្រាមឯករាជ្យរបស់ប្រទេសក្នុងឆ្នាំ១៩២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោកបានបន្ថែមថា “ការកាន់កាប់កោះ មិនចងយើងនោះទេ យើងនឹងធ្វើអ្វី ដែលចាំបាច់នៅពេលវេលា មកដល់ ដូចយើងនិយាយថា យើងអាចមក ភ្លាម ត្រឹមរយៈពេលមួយយប់ “។

ថ្មីៗនេះរដ្ឋាភិបាលតួកគី បានចោទប្រកាន់ប្រទេសក្រិកថា បានយាយីយន្តហោះតួកគីពីរដងដែលបំពេញបេសកកម្ម របស់អង្គការណាតូនៅលើសមុទ្រ Aegean និងមេឌីទែរ៉ាណេ ។

ទីក្រុងអង់ការ៉ាបានឲ្យដឹងថា យន្តហោះចម្បាំងក្រិក បានចាក់សោរ៉ាដារបស់ពួកគេនៅលើយន្តហោះ F-16 របស់តួកគីនៅថ្ងៃទី២២ និងថ្ងៃទី២៤ ខែសីហា ខណៈដែលទីក្រុង Athens បានច្រានចោលការអះអាងនេះ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាង សម្ព័ន្ធមិត្តណាតូទាំងពីរមានជម្លោះ ជាយូរណាស់មកហើយលើបញ្ហា ជាបន្តបន្ទាប់ រួមទាំងជម្លោះដែនសមុទ្រ និងថាមពលនៅសមុទ្រ Aegean និងមេឌីទែរ៉ាណេ ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top