ព័ត៌មានអន្តរជាតិ

រុស្ស៊ី-ចិន គូសបញ្ជាក់ពីកិច្ចសហការ ក្នុងការប្រឆាំង នឹងលោកខាងលិច

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានបញ្ជាក់ពីការ សម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងការទប់ទល់នឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ចំពេលមានវិបត្តិអ៊ុយក្រែន និងភាពតានតឹងកាន់តែខ្លាំងឡើង នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

នៅក្នុងកិច្ចប្រជុំមួយ ក្នុងប្រទេសយូបេគីស្ថាន ដែលជាកិច្ចពិភាក្សាទល់មុខគ្នា ជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន កាលពីចុងខែកុម្ភៈ លោក ស៊ី បានលើកឡើងថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយប្រទេសរុស្ស៊ីក្នុង “ការពង្រីកការគាំទ្រយ៉ាងខ្លាំង ដល់គ្នាទៅវិញទៅមក លើបញ្ហាទាក់ទង នឹងផលប្រយោជន៍ស្នូលរៀងៗខ្លួន”។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Tass បានឱ្យដឹងថា ប្រជាជនរុស្ស៊ី “វាយតម្លៃខ្ពស់ ចំពោះជំហរមានតុល្យភាព” របស់ចិន ចំពោះវិបត្តិអ៊ុយក្រែន ហើយបានថ្កោលទោស “ការបង្កហេតុរបស់សហរដ្ឋអាមេរិក នៅតៃវ៉ាន់” ដោយសំដៅទៅលើដំណើរទស្សនកិច្ច​ របស់ប្រធានសភាតំណាងរាស្រ្តលោកស្រី Nancy Pelosi ទៅកាន់កោះនេះ កាលពីខែសីហា។

ទីក្រុងប៉េកាំង បានគេចចេញពីការរិះគន់ការលុកលុយ របស់ទីក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន ខណៈពេលដែលប្រឆាំង នឹងការដាក់ទណ្ឌកម្ម ដ៏ធ្ងន់ធ្ងរលើប្រទេស ដែលដាក់ដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប។

ប្រទេសចិន ដែលដឹកនាំដោយកុម្មុយនិស្ត បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ចំពោះដំណើររបស់លោកស្រី Pelosi ទៅកាន់កោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកថាជារបស់ខ្លួន ដោយធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជុំវិញទឹកដី។

នៅក្នុងកិច្ចប្រជុំនៅទីក្រុង Samarkand នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ លោក ពូទីន បានលើកឡើងថា ទីក្រុងម៉ូស្គូ “ប្តេជ្ញាចិត្តយ៉ាងមុតមាំ” ចំពោះគោលការណ៍ចិនតែមួយ ដោយលោក ស៊ី ជីនពីង បានសរសើរជំហររបស់រុស្ស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top