ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងមូស្គូ ៖ រថក្រោះអាមេរិកទាំងអស់ នឹងត្រូវបំផ្លាញ ពេលមកដល់អ៊ុយក្រែន

បរទេស ៖ អគ្គរដ្ឋទូតរុស្សី ប្រចាំនៅក្នុងប្រទេស អាមេរិក បានធ្វើការព្រមាន កាលពីថ្ងៃម្សិលមិញនេះ ហើយថា រាល់រថក្រោះប្រយុទ្ធទាំងឡាយ របស់អាមេរិកដែលនឹងមានវត្តមាន នៅក្នុងប្រទេសអ៊ុយក្រែន ទាំងអស់នឹងត្រូវបានកំទេច ចោលដោយយោធារុស្សី ហើយការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ថា សេតវិមានគ្រោងនឹងធ្វើការផ្គត់ផ្គង់ រថក្រោះជួរមុខជាច្រើនគ្រឿង ទៅឲ្យអ៊ុយក្រែន។

ឆ្លើយតបទៅនឹងសំណួរ ដែលបានសួរថា ការបញ្ចូនរថក្រោះ M1 Abram ជារថក្រោះប្រយុទ្ធជួរមុខ របស់អាមេរិក ទៅអ៊ុយក្រែន នោះនឹងមានឥទ្ធិពល បែបណានោះអគ្គរដ្ឋទូតរុស្សី Anatoly Antonov បាននិយាយថា វាគឺជាការសម្រេចចិត្ត ដែលអាចបានត្រឹមធ្វើឲ្យមានជម្លោះកាន់តែ
រីករាលដាលហើយអាមេរិក នឹងចូលរួមពាក់ព័ន្ធជាមួយនឹងជម្លោះ ដែលកំពុងបន្តកើតមានឡើងប៉ុណ្ណោះ ។

ទោះបីជាយ៉ាងណាក្តី ប្រេសិតពិសេសរូបនេះ បានបន្តទៀតថា ៖ ប្រសិនបើការសម្រេចចិត្ត ក្នុងការបញ្ចូន M1 Abram ត្រូវបានធ្វើឡើងមែន នោះប្រាកដណាស់រុស្សី គ្មានបញ្ហាអ្វីឡើយ ពីព្រោះថារថក្រោះនិងអាវុធ ទាំងនោះនឹងត្រូវបានកំទេច យ៉ាងងាយស្រួល ដោយកងកម្លាំងយោធារុស្សី ។

គួរឲ្យដឹងដែរថា នៅក្រោយបន្តិច នៃសេចក្តីថ្លែងការណ៍នេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសជាផ្លូវការ ក្នុងការបញ្ចូនរថក្រោះប្រយុទ្ធ M1 Abram ដល់ទៅ៣១គ្រឿងទៅឲ្យប្រទេស អ៊ុយក្រែន ខណៈដែលអាល្លឺម៉ង់ ប្រកាសបញ្ចូនរថក្រោះ Leopard ចំនួន១៤គ្រឿង
និងបើកភ្លើងខៀវ ឲ្យប្រទេសផ្សេងទៀត អាចមានសិទ្ធបញ្ចូនរថក្រោះ Leopard ដូចគ្នាទៅឲ្យអ៊ុយក្រែនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top