ព័ត៌មានអន្តរជាតិ

ទីក្រុងប៉ារីស ប្រញាប់ប្រញាល់ បញ្ចប់ការសាងសង់ ទីលានអូឡាំពិក ឆ្នាំ ២០២៤

ប៉ារីស ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ទីក្រុងប៉ារីស កំពុងប្រញាប់ប្រញាល់ បញ្ចប់ការសាងសង់ ឲ្យទាន់ពេលសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤ “2024 Olympics” ដោយមានរយៈពេលត្រឹមតែ ១៨ ខែទៀតប៉ុណ្ណោះ ។
ការពន្យារពេលកំពុងត្រូវ បានជួបប្រទះមួយផ្នែក ដោយសារតែឥទ្ធិពល នៃសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន លើឧស្សាហកម្មដែក ។
កន្លែងដែលគ្រោង នឹងបញ្ចប់ក្នុងរដូវក្ដៅនេះ នឹងមិនត្រូវបានបញ្ចប់ទេ រហូតដល់ដើមឆ្នាំក្រោយ តែប៉ុន្មានខែប៉ុណ្ណោះ មុនពេលព្រឹត្តិការណ៍ Paris Games ចាប់ផ្ដើមនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ ។

ទីលាននៅ Porte de la Chapelle ជាសង្កាត់កម្មករ ពហុវប្បធម៌នៃរដ្ឋធានីបារាំង នឹងរៀបចំព្រឹត្តិការណ៍ កីឡាវាយសី និងកាយសម្ព័ន្ធចង្វាក់។ សម្ភារៈបរិក្ខារទាំងនោះ ក៏នឹងត្រូវបានប្រើប្រាស់ ក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក មុនពេលត្រូវបានប្រគល់ ទៅឲ្យក្រុមក្នុងស្រុក និងសាលារៀន។ លោក Christophe Rosa ប្រតិភូទូទៅនៃគណៈប្រតិភូកីឡា អូឡាំពិក និង ប៉ារ៉ាឡាំពិក នៅសាលាក្រុងប៉ារីស បាននិយាយថា ដែកដែលនឹងត្រូវ ប្រើសម្រាប់ទីលានដំបូង នឹងត្រូវផ្តល់ ដោយអ៊ុយក្រែន ។

សហជីពអ្នកផលិតដែកអ៊ុយក្រែន បាននិយាយនៅខែនេះថា ទិន្នផលបានធ្លាក់ចុះជាង ៧០ភាគរយ កាលពីឆ្នាំមុនដោយសារតែការ ឈ្លានពានរបស់រុស្ស៊ី និងការបំផ្លាញរោងចក្រធំៗ ។ លោក Rosa បាននិយាយថា យើងបានរកឃើញដំណោះស្រាយ ចំពោះប្រភពដែកពីកន្លែងផ្សេង ទៀតនៅក្នុងទ្វីបអឺរ៉ុប រួមទាំងនៅភាគខាងកើត ប្រទេសប៉ូឡូញ ប៉ុន្តែក៏មានរោងចក្រផលិតមួយចំនួន នៅអឺរ៉ុបខាងត្បូង ដើម្បីទប់ស្កាត់ការពន្យារពេល និងមានបំណងបញ្ចប់ ការងារនៅឆ្នាំ២០២៣ ។

ការសាងសង់ត្រូវចំណាយ ថវិកាប្រមាណ ១៣៨ លានអឺរ៉ូ (១៥០ លានដុល្លារ) ត្រូវការដែក ១.៥០០ តោន ។ កន្លែងនេះនឹងត្រូវបានគេហៅថា Adidas Arena បន្ទាប់ពីកិច្ចព្រមព្រៀង មួយត្រូវបានគេរាយការណ៍ថា មានតម្លៃប្រហែល ២.៨ លានអឺរ៉ូ (៣ លានដុល្លារ) ក្នុងមួយឆ្នាំជាមួយក្រុមហ៊ុន សម្លៀកបំពាក់កីឡាត្រូវបាន អនុម័តដោយសាលាក្រុងកាលពីឆ្នាំមុន ៕

Most Popular

To Top