ព័ត៌មានអន្តរជាតិ

កងទ័ពអាមេរិកថា ការបញ្ជូនរថក្រោះ Abrams ទៅអ៊ុយក្រែន អាចចំណាយពេលឆាប់បំផុត១ឆ្នាំ

បរទេស៖ ការបញ្ជូនរថក្រោះ Abrams ដែលផលិតដោយសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន អាចចំណាយពេលដល់ទៅមួយឆ្នាំ ឬច្រើនជាងនេះ ទោះបីជាមានការអំពាវនាវ ជាបន្តបន្ទាប់របស់ទីក្រុងគៀវ ដើម្បីពន្លឿនដំណើរការបញ្ជូននេះក៏ដោយ ។ នេះបើតាមមន្រ្តីជាន់ខ្ពស់ របស់កងទ័ពអាមេរិកលោកស្រី Christine Wormuth បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Wormuth ត្រូវបានដកស្រង់ដោយ CNN ដែលបាននិយាយក្នុង អំឡុងពេលព្រឹត្តិការណ៍ Defence Writers Group ថា “វាមិនមែនជាបញ្ហាប៉ុន្មាន សប្តាហ៍ទេ ខ្ញុំនឹងនិយាយបែបនោះ។ គ្មានជម្រើសណាមួយ ដែលយើងកំពុងស្វែងត្រឹមមួយសប្តាហ៍ ឬពីរខែនោះទេ។ មានការកំណត់ពេលវេលាយូរជាងនេះ ប៉ុន្តែខ្ញុំគិតថា មានជម្រើសតិចជាងពីរឆ្នាំ ឬ តិចជាងមួយឆ្នាំកន្លះ” ។

លោកស្រី Christine Wormuth បានបន្ថែមថា វានៅតែមិនទាន់ច្បាស់ថា តើរថក្រោះទាំងនោះនឹងត្រូវដឹកជញ្ជូន នៅចុងឆ្នាំនេះឬយ៉ាងណា។ យោងតាមរបាយការណ៍បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កំពុងត្រូវបានបង្ហាញ ជាមួយនឹងជម្រើសផ្សេងៗគ្នា រួមទាំងការកសាងរថក្រោះ Abrams “ពីគ្មាន” សម្រាប់អ៊ុយក្រែន ដែលជាធម្មតាមិនមែនជាជម្រើស ដ៏សក្តិសមបំផុតនោះទេ។

យោងតាមលោកស្រី Wormuth សហរដ្ឋអាមេរិក ក៏កំពុងពិចារណាផងដែរ ក្នុងការបញ្ជូនរថក្រោះ Abrams ទៅកាន់អ៊ុយក្រែន ដែលពីមុនត្រូវបានលក់ ទៅឱ្យប្រទេសផ្សេងទៀត ប៉ុន្តែជម្រើសនេះនឹងធ្វើឱ្យមានការរំខានដល់ទំនាក់ទំនង ជាមួយសម្ព័ន្ធមិត្តសំខាន់ៗ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top