ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថា អាចបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ត្រឹម២៤ម៉ោង

បរទេស ៖ ថ្លែងទៅកាន់សន្និសិទកាសែត របស់ក្រុមអ្នកនយោបាយ បែបអភិរក្សឬ Conservative Political Action Conference នៅក្នុងទីក្រុង Maryland លោក Donald Trump បានលើកឡើងថា បច្ចុប្បន្នប្រធានាធិបតីអាមេរិក លោក Joe Biden កំពុងនាំយកអាមេរិក ឲ្យធ្លាក់ចូលទៅក្នុងភាព ភ្លេចភ្លាំងនិង មិនច្បាស់លាស់។

អតីតប្រធានាធិបតីរូបនេះ ក៏បានលើកឡើងដែរថា លោកហ៊ានធានាអះអាងទៀតថា លោកមានសមត្ថភាព ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះហើយបន្តថា អាមេរិកមិនគួរខ្ជះខ្ជាយលុយ ដែលខិតខំប្រមូលបានពីពលរដ្ឋ យកទៅធ្វើការប្រើប្រាស់ ក្នុងសង្គ្រាមដ៏ឆ្គួតលីលាបែបនេះទេ ។

សេចក្តីថ្លែងការណ៍ របស់លោក Trump លើកនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងក្នុងពេល ដែលគាត់កំពុងបន្តខិតខំសាងកេរ្ត៍ឈ្មោះឡើងវិញ មុនពេលដែលការបោះឆ្នោតអាណត្តិថ្មី ដែលគ្រោង ធ្វើឡើងនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ ហើយលោកក៏បានអះអាងដែរថា លោកគឺជាមេដឹកនាំតែមួយគត់ ដែលអាចបញ្ចៀសសង្គ្រាម លោកលើកទី៣បាន ។

រំលឹកដែរថា កាលពីខែមុនលលោក Trump ក៏បានសន្យាដែរថា នឹងអាចទំនាក់ទំនងទៅកាន់រដ្ឋាភិបាល ទីក្រុងមូស្គូនិងរដ្ឋាភិបាលទីក្រុងគៀវ ភ្លាមប្រសិន បើគាត់ត្រូវបានពលរដ្ឋ អាមេរិកបោះឆ្នោត ជាប់ជាប្រធានាធិបតីសាជាថ្មី ហើយលោកបានបញ្ជាក់ដែរថា លោកបានត្រៀមរួចរាល់ហើយនូវអ្វី ដែលគួរតែពិភាក្សាជាមួយនឹងមេដឹកនាំរុស្សី និងអ៊ុយក្រែន ដើម្បីអាចបញ្ចប់សង្គ្រាមនេះ បានភ្លាមៗតែម្តង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top