ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកបារាំង បាញ់ទម្លាក់យន្តហោះដ្រូន ពីរគ្រឿងលើសមុទ្រក្រហម

ប៉ារីស៖ ក្រសួងការពារជាតិបារាំង បានឲ្យដឹងថា កងទ័ពជើងទឹកបារាំង បានបាញ់ទម្លាក់យន្តហោះដ្រូន ពីរគ្រឿងពីប្រទេសយេម៉ែន លើសមុទ្រក្រហម ជាកន្លែងដែលក្រុម Houthi បានវាយប្រហារទៅលើនាវាពាណិជ្ជកម្មអន្តរជាតិ។

ក្រសួងបានឲ្យដឹងថា “ក្នុងអំឡុងពេលយប់ថ្ងៃទី១៩-២០ ខែកុម្ភៈ នាវាចម្បាំងពហុបេសកកម្មរបស់បារាំង បានរកឃើញការវាយប្រហារដោយយន្តហោះដ្រូន ជាច្រើនពីប្រទេសយេម៉ែននៅក្នុងតំបន់ល្បាតរៀងៗខ្លួននៅឈូងសមុទ្រ Aden និងសមុទ្រក្រហមភាគខាងត្បូង ដោយយន្តហោះដ្រូនចំនួនពីរគ្រឿងត្រូវបានបំផ្លាញ” ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រតិបត្តិការរបស់កងទ័ពជើងទឹកបារាំង បានរួមចំណែកដល់គោលបំណងនៃប្រតិបត្តិការ ដែលបានចាប់ផ្តើមដោយសហភាពអឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីថ្ងៃចន្ទ ទីក្រុងព្រុចសែល បានប្រកាសថាខ្លួនបានចាប់ផ្តើមបេសកកម្មកងទ័ពជើងទឹក ដែលមានកូដថា “ASPIDES” មានន័យថាខែលជាភាសាក្រិចនៅតំបន់សមុទ្រក្រហម និងឈូងសមុទ្រអាដេន ដើម្បីការពារផលប្រយោជន៍ពាណិជ្ជកម្ម និងសន្តិសុខរបស់ខ្លួន។

ប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍ថា ប្រទេសបារាំងបានដាក់ពង្រាយនាវា Alsace ដែលជានាវាចម្បាំង ដែលមានសមត្ថភាពការពារដែនអាកាស និងកងនាវាចម្បាំង Languedoc ដែលជានាវាចម្បាំងប្រឆាំងនាវាមុជទឹកនៅក្នុងតំបន់នោះ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top