ព័ត៌មានអន្តរជាតិ

លោក Buffett ជាវិនិយោគិនជើងចាស់របស់អាមេរិក នឹងចុះចេញពីតំណែង ជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway

ក្រុងញូវយ៉ក៖យោងតាមការចេញផ្សាយពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីវិនិយោគិនអាមេរិក លោក Warren Buffett បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោកនឹងចូលនិវត្តន៍ពីតំណែងជានាយកប្រតិបត្តិ Berk shire Hathaway នៅចុងឆ្នាំ ២០២៥ ក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុននៅទីក្រុង Omaha រដ្ឋ Nebraska ។

មហាសេដ្ឋីវិនិយោគិនមានវ័យ ៩៤ ឆ្នាំ លោក Buffett បានធ្វើការជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway តាំងពីឆ្នាំ ១៩៧០។

លោក Buffett បាននិយាយថា លោកនឹងណែនាំលោក Greg Abel ដែលជាអនុប្រធានក្រុមហ៊ុនសម្រាប់ប្រតិបត្តិការមិនមែនធានារ៉ាប់រង ជាអ្នកស្នងតំណែងរបស់លោក។

លោក Buffett បានបញ្ជាក់ថា ខ្ញុំគិតថាពេលវេលាបានមកដល់ហើយ ដែលលោក Greg គួរតែក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននៅចុងឆ្នាំ។

លោកបានបន្ថែមថា ដំណើរការផ្លាស់ប្តូរនឹងចំណាយពេល២ឬ៣ខែហើយថា លោករំពឹងថានឹងមានការគាំទ្រជាឯកច្ឆ័ន្ទពីសមាជិកក្រុមប្រឹក្សាទាំង ១១ សម្រាប់សំណើរបស់គាត់។

លោក Buffett បានបន្តថា ខ្ញុំនឹងនៅតែដើរលេង ហើយគិតថាមានប្រយោជន៍ក្នុងករណីមួយចំនួន ប៉ុន្តែពាក្យចុងក្រោយនឹងជាអ្វីដែលលោក Greg បាននិយាយក្នុងប្រតិបត្តិការ ការដាក់ពង្រាយមូលធន ទោះបីជាវាអាចជាអ្វីក៏ដោយ៕

Most Popular

To Top