ព័ត៌មានអន្តរជាតិ

​ នាវាដឹកអ្នកដំណើរ ឥណ្ឌូណេស៊ីមួយគ្រឿង​ មានមនុស្សប្រហែល ២៤០ នាក់នៅលើនោះ បានបាត់ទំនាក់ទំនងនៅក្នុងសមុទ្រជ្វា

ហ្សាកាតា៖ អាជ្ញាធរស្វែងរក និងជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូណេស៊ីបានឱ្យដឹងថា នាវាដឹកអ្នកដំណើរមួយគ្រឿងដែលមានមនុស្សប្រហែល ២៤០ នាក់នៅលើនោះ បានបាត់ទំនាក់ទំនងនៅក្នុងសមុទ្រជ្វា។

យោងតាមទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះប្រចាំខេត្តកាលីម៉ាន់តាន់ខាងត្បូង បានឧ្យដឹងថា​ នាវានេះកំពុងធ្វើដំណើរពីទីក្រុងស៊ូរ៉ាបាយ៉ា (Surabaya) ក្នុងខេត្តជ្វាខាងកើត (East Java) ទៅកាន់ទីក្រុងបានចារម៉ាស៊ីន (Banjarmasin) ក្នុងខេត្តកាលីម៉ាន់តាន់ខាងត្បូង នៅពេលដែលវាបានបាត់ទំនាក់ទំនង។

ទីតាំងចុងក្រោយដែលគេដឹង​ គឺនៅចម្ងាយប្រហែល ៨០ ម៉ាយល៍នៃសមុទ្រពីកំពង់ផែស្វែងរក និងជួយសង្គ្រោះក្នុងទីក្រុងបានចារម៉ាស៊ីន។

នាវាស្វែងរក និងជួយសង្គ្រោះមួយគ្រឿងត្រូវបានបញ្ជូនទៅកាន់តំបន់នោះ។ មានសេចក្តីរាយការណ៍ថា នាវាដឹកអ្នកដំណើរនោះបានជួបប្រទះអាកាសធាតុមិនល្អ មុនពេលបាត់ទំនាក់ទំនង។
រហូតមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ អំពីការបាត់បង់ជីវិត ឬអ្នករងរបួសនោះទេ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top