កីឡា

កម្ពុជា លត់កោះម៉ារីអាណា ខាងជើង ៩-០ រកបាន ៣ពិន្ទុដំបូង ក្នុងនាមម្ចាស់ផ្ទះវគ្គជម្រុះពាន AFC U-19

ភ្នំពេញ៖ ក្រុមជម្រើសជាតិយុវជន U-19 កម្ពុជា ធ្វើបានយ៉ាងល្អសម្រាប់ប្រកួតទី២ របស់ខ្លួន ដោយបានលត់ក្រុម U-19 កោះម៉ារីអាណាខាងជើង ៩-០ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2020 ពូល G នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅពហុកីឡដ្ឋានជាតិ ។

នេះគឺជាជ័យជម្នះលើកដំបូង ក្នុងចំណោម ២ប្រកួតរបស់ក្រុម គោព្រៃជំទង់កម្ពុជា ។ ការប្រកួតនេះវគ្គទី១ ក្រុមម្ចាស់ផ្ទះ បានបំប៉ោងសំណាញ់ក្រុមភ្ញៀវ ៦គ្រាប់ បន្ទាប់មកបានបន្ថែម ៣គ្រាប់ទៀត នៅចុងវគ្គទី២ ដោយកីឡាករ សៀង ចន្ធា ដែលនាំឲ្យក្រុម U-19 កម្ពុជា ទទួលបាន ៣ពិន្ទុ និងឡើងទៅឈរលេខ២ បណ្ដោះអាសន្ន ។

ចំពោះប្រកួតបន្ទាប់ក្រុម U-19 កម្ពុជា នឹងត្រូវធ្វើការងារធ្ងន់ ព្រោះត្រូវជួបក្រុមខ្លាំងថៃ ដែលទើបលត់ក្រុមប្រ៊ុយណេ ៩-០ កាលពីល្ងាចមិញ នាថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ បន្ទាប់មកទើបប្រកួតបញ្ចប់ចុងក្រោយ នាថ្ងៃទី១០ ខែដដែល ដោយត្រូវជួបក្រុម U-19 ប្រ៊ុយណេ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញដដែល ៕

Most Popular

To Top