កីឡា

លោក អ៊ូ រតនា ថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងថ្នាក់ដឹកនាំកីឡា អនុញ្ញាតឲ្យអត្តពលិក វ៉ូវីណាម ចាក់វ៉ាក់សាំង បង្ការមេរោគCOVID-19

ភ្នំពេញ ៖ យុទ្ធនាការចាក់វ៉ាក់សាំង បង្ការមេរោគCOVID-19 ជូនថ្នាក់ដឹកនាំ មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ បានរយៈពេល៣ថ្ងៃ នៅមន្ទីរពេទ្យ ព្រះកេតុមាលា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)កាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមដឹកនាំ និងកីឡាករ-កីឡាការិនីកីឡាវ៉ូវីណាម ក៏ចូលរួមចាក់ដែរ ។

លោក អ៊ូ រតនា អគ្គលេខាធិការ នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ថា តាំងនាមរូបលោកផ្ទាល់តំណាង ឲ្យប្រធានសហព័ន្ធ និងកីឡាករ-កីឡាការិនីកីឡាវ៉ូវីណាមកម្ពុជា សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល មន្រ្តីក្រសួង អប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដែលបានផ្តល់ ឲ្យអត្តពលិកវ៉ូវីណាមកម្ពុជា ចូលរួមចាក់វ៉ាក់ សាំងបង្ការ COVID-19 Sinopharm ដែលជាអំណោយដ៏ថ្លៃថ្លា របស់សាធារណរដ្ឋប្រជាមានិតចិន ។

លោកបានបន្តថា ក្រោយពីទទួល ការចាក់វ៉ាក់សាំង បង្ការរួចហើយ យើងនឹងធ្វើហ្វឹកហាត់ ពង្រឹងសក្តានុពល និងជំរុញសមត្ថភាព កីឡាករ-កីឡាការិនីវ៉ូវីណាម របស់ខ្លួនមិនសូវមានការភ័យខ្លាច ក្នុងការឆ្លងមេរោគ COVID-19ឡើយ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021លើទី៣១ នៅប្រទេសវៀតណាម ដែលប្រព្រឹត្តនាខែវិច្ឆិកា ២០២១ខាងមុខនេះ ។

ការប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 ផ្តើមចេញយើងម្នាក់ៗ ក្នុងគោលបំណងដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ។ ដូច្នេះសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល អនុវត្តតាមវិធានការសុខាភិបាល ៣ការពារ រួមមាន ៖ ទី១. ពាក់ម៉ាស ទី២. លាងដៃ ទី៣. គម្លាតសង្គម គម្លាតបុគ្គល ចាប់ពី ១,៥ម៉ែត្រឡើងទៅ និង ៣កុំ រួមមា ៖ ទី១. កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក ទី២. កុំទៅកន្លែងមានមនុស្សច្រើន ទី៣. កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នា … ព្រមទាំងទទួលការចាក់ វ៉ាក់សាំងបង្ការកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ទៅតាមដំណាក់កាលនីមួយៗ និងលទ្ធភាពរបស់រាជរដ្ឋាភិបាល ។

ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជំនួយ “វ៉ាក់សាំងបង្ការមេរោគ COVID-19” ដល់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំង នឹង ជំងឺដ៏កាចសាហាវនេះ ។ សូមគោរពជូនពរពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលមេរោគ COVID-19 នៅតាមមន្ទីរពេទ្យនានា សូមបានជាសះស្បើយគ្រប់ៗគ្នា និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមបានចាកផុតពីមេរោគ COVID-19និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖លី ភីលីព

Most Popular

To Top