កីឡា

លោក ស សុខា បើកកិច្ចប្រជុំ អនុវិស័យកីឡា ស្តីពីការត្រៀមប្រមូលផ្តុំ ក្នុងក្រុមជម្រើសជាតិ និងក្រុមថ្នាល តាមប្រព័ន្ធអនឡាញ

ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមប្រមូលផ្តុំ ក្នុងក្រុមជម្រើសជាតិ និងក្រុមថ្នាល របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាតាមប្រព័ន្ធ Zoom ។

យោងតាមផេកផ្លូវការ របស់លោក ស សុខាថា ក្នុងនាមលោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ខ្ញុំសូមធ្វើការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្ត ទុកដាក់ ក្នុងកិច្ចការងារប្រមូលផ្ដុំ ក្រុមជម្រើសជាតិ និង ក្រុមថ្នាល បើទោះបីកម្ពុជា យើងមានបញ្ហាប្រឈម ដោយសារ ជំងឺកូវីដ-១៩ ក្នុងរយៈពេលជាងមួយឆ្នាំ មកនេះយ៉ាងណាក្តី ។ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមអាណាព្យាបាល នៃសហព័ន្ធទាំងអស់ យើងត្រូវធ្វើ៤ចំណុច ឲ្យល្អបំផុតពេលនេះ និងអនាគត៖ទី១ ដាក់ផែនការឆ្ពោះទៅ SEA GAMES ទី២តាមដានផែនការ ទី៣បង្កើតសកម្មភាពឲ្យសម្រេចលទ្ធផលនៅឆ្នាំ២០២១ និង២០២៣ និងទី៤ចុងក្រោយធ្វើតេស្តិ៍ សមត្ថភាពជាប្រចាំ ។

លោបានបន្តថា ក្នុងការហ្វឹកហាត់ស្នើឲ្យមាន QR Code ទប់ស្កាត់កូវីដ-១៩ វាស់កម្ដៅ និងបាញ់អាល់កុល ឲ្យបានត្រឹមត្រូវមុននឹងហ្វឹកហាត់ បន្ទាប់ពីមានការអនុញ្ញាតឡើងវិញ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងនោះត្រូវធ្វើការជូនដំណឹង ដល់អត្តពលិក ទាំងអស់ ឲ្យកត់ត្រាកន្លែង ដែលខ្លួនបានទៅជាប្រចាំ បើចាំបាច់បំផុតខាងមិនបាននោះ (ត្រូវកត់ត្រាជាកំហិត) ព្រោះបើមានករណីឆ្លងកូវីដ-១៩ យើងអាចគ្រប់គ្រងបានទាន់ពេល ។ បើមានម្នាក់ឆ្លង ឬប៉ះពាល់ដោយប្រយោល គឺយើងត្រូវផ្អាកការហ្វឹកហាត់ កន្លែងនោះតែម្ដង។ យើងត្រូវចូលរួមទប់ស្កាត់ ឲ្យខាងតែបាន កុំឲ្យកូវីដ-១៩ អាក់ដំណើរឆ្ពោះទៅរកមេដាយនៅស៊ីហ្គេមរបស់យើង រួមគ្នាបញ្ឈប់កូវីដ-១៩ កុំឲ្យកូវីដផ្ដាច់ការហ្វឹកហាត់ និងផ្ដាច់សង្ខាររបស់យើង ។

លោករដ្ឋលេខាធិការបន្ថែមទៀតថា ស្ថានភាពជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាល ដល់ប្រជាពលរដ្ឋខ្មែរជាច្រើន និង ជារៀងរាល់ថ្ងៃ ព្រមទាំងបានសម្លាប់ជីវិត ប្រជាពលរដ្ឋជាបន្តបន្ទាប់ គួរឲ្យព្រួយបារម្ភ ។ ដូច្នេះសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងថែទាំសុខភាពឲ្យបានជាប្រចាំ ព្រមទាំងអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួន៕

Most Popular

To Top