កីឡា

Pochettino ៖ អវត្តមាន Mbappe មិន​អាច​ជា​លេស​ ក្នុង​ការ​ចាញ់​ Man City ទេ

Mauricio Pochettino អ្នក​ចាត់​ការ​របស់ Paris St-Germain មិន​យល់​ស្រប​ឡើយ ​ចំពោះ​ការ​ធ្លាក់​ចេញ​ពី Champions Legaue ដោយ​សារ​អវត្តមាន​ខ្សែ​ប្រយុទ្ធ Kylian Mbappe។
Mbappe វ័យ​២២​ឆ្នាំ ​​បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង ​មិន​​បាន​លេង​ឡើង​ ព្រោះ​តែ​របួស​ភ្លៅ អំឡុង​ពេល​ការ​ប្រកួត PSG ចាញ់ Manchester City ២-០ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ UCL។ សរុប​ទាំង​ពីរ​ជើង City ឈ្នះ PSG ៤-១។

ក្រោយ​បញ្ចប់​ការ​ប្រកួត​លោក Pochettino បាន​ធ្វើ​ការ​អបអរ​ដល់ Man City និង​សរសើរ​ពួក​គេ​មាន​រដូវ​កាល​ដ៏​អស្ចារ្យ។ ប៉ុន្តែ​​ក៏​មិន​បន្ទោស​​ការ​ចាញ់​ប្រកួត​នេះ ដោយ​សារ​គ្មាន​ Mabppe ដែរ។ ខ្សែ​ប្រយុទ្ធ Mauro Icardi ត្រូវ​បាន​ដាក់​ឲ្យ​លេង​ជំនួស Mbappe ប៉ុន្តែ​លេង​មិន​សូវ​ល្អ​ទេ។

“អវត្តមាន​របស់ Mbappe មិន​អាច​ជា​លេស​ នៃ​ការ​ចាញ់​ឡើយ ។ ពួក​យើង​គឺ​​ជា​​ក្រុម​មួយ ។ ប្រាកដ​ណាស់​ វា​ពិត​ជា​សំណាង​អាក្រក់​ ដែល​គេ​មិន​អាច​ជា​ទាន់​ពេល​ជួយ​ក្រុម​បាន ប៉ុន្តែ​វា​មិន​អាច​ជា​លេស​ទេ ។ ពួក​យើង​​មិន​អាច​ប្រើ​លេស​នេះ​បាន​ទេ ដោយ​សារ​ការ​លេង​របស់​ក្រុម​ល្អ​តើ ។ ពួក​យើង​លេង​តាម​គម្រោង​ដែល​បាន​រៀប។ ពេល​ខ្លះ​បាល់ទាត់​ក៏​ត្រូវ​ការ​ សំណាង​ដែរ​ក្នុង​ការ​ប្រកួត” ៕

Most Popular

To Top