កីឡា

Pep ​ចង់​ឃើញ Messi ​លេង​ឱ្យ PSG ​យប់​នេះ​

​លោក Pep Guardiola ​ចង់​ឃើញ​វត្ដមាន​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi ​លេង​ឱ្យ​ក្រុម PSG ​នៅ​រាត្រី​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​ទល់​ក្រុម Manchester City ​របស់​ខ្លួន។

​ព្រឹត្តិការណ៍​ធំ​ប្រចាំ​តំបន់​អឺរ៉ុប UEFA Champions League ​បាន​ត្រលប់​មក​វិញ​នៅ​យប់​នេះ​ហើយ ​ដោយ​គូ​ធំ​ជាង​គេ​នោះ​ គឺ​ការ​ប៉ះ​គ្នា​រវាង​ក្រុម PSG ​ទល់ Man City ​​នៅ​វេលា​ម៉ោង​២​រំលង​អាធ្រាត្រ។ ​ខណៈ​ដែល​ការ​ប្រកួត​នេះ​ដែរ ​អ្នក​គាំទ្រ​ចង់​ឃើញ​វត្តមាន​របស់ Messi ​អាច​ចូល​លេង​វិញ​បាន ​ក្រោយ​ខកខាន​ដោយសារ ​របួស​ជង្គង់​២​ប្រកួត​មក​ហើយ។​

​ដោយ​សូម្បី​លោក Pep ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Man City ​នោះ ​ក៏​ចង់​ឃើញ​អតីត​កីឡាករ Barcelona ​រូប​នេះ​បង្ហាញ​ខ្លួន​វិញ​ដែរ។ “សង្ឃឹម​ថា​គាត់​នឹង​បាន​លេង ​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​ប្រកួត។ វា​ពិត​ជា​ភ្ញាក់ផ្អើល​សម្រាប់​គ្រប់​គ្នា ប៉ុន្តែ​អ្វី​ដែល​កើត​ឡើង​ បាន​កើត​ឡើង​ហើយ។ គ្រប់​គ្នា​ត្រូវ​តែ​ទទួល​យក​វា។ ពី​មុន​មក អ្នក​មិន​ដែល​ស្រមៃ​ថា ​ទៅ​ជា​បែប​នេះ​ទេ ប៉ុន្តែ​វា​បាន​កើត​ឡើង។ នៅ​ក្នុង​ជីវិត អ្នក​មិន​អាច​ដឹង​ទេ​ថា ​អ្វី​ដែល​អាច​កើត​ឡើង។ ​ខ្ញុំ​ច្បាស់​ថា​គាត់​នឹង​សប្បាយ​ចិត្ត​នៅ ប៉ារីស”។ សម្ដី​របស់​លោក Pep។

រំលឹក​ថា​របួស​ជង្គង់​បាន​ធ្វើ​ឱ្យ Messi ​ខកខាន​ប្រកួត​ឱ្យ PSG ​២​ប្រកួត​មក​ហើយ។ ​រូបគេ​បាន​ចូល​ហាត់​ជាមួយ​ក្រុម​ បាន​វិញ​កាល​ពី​ម្សិលមិញ​នេះ ហើយ​ក៏​រំពឹង​ថា ​នឹង​អាច​ចូល​លេង​ទល់​ក្រុម Man City ​បាន​ផង​ដែរ ដែល​ជា​ប្រកួត​សំខាន់៕ Source: Sabay

Most Popular

To Top