កីឡា

បារាំងឡើង ទៅលេខ ៣ ក្នុងតារាង ចំណាត់ថ្នាក់ FIFA ចំណែកបែលហ្ស៊ិក នៅតែឈរលេខ១ដដែល

ZURICH៖ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ពានរង្វាន់ Nations League របស់ប្រទេសបារាំងបានធ្វើឲ្យក្រុមជម្រើសជាតិរបស់ប្រទេសនេះឡើងដល់លេខ ៣ ក្នុងតារាងចំណាត់ថ្នាក់ FIFA កាលពីថ្ងៃព្រហស្បតិ៍យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ប្រទេសបារាំងបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ ២០១៨ នៅតែតាមពីក្រោយក្រុមបែលហ្ស៊ិកដែលជាប់ចំណាត់ថ្នាក់កំពូល ខណៈចំណាក់ថ្នាក់លេខ ២ បានទៅលើក្រុមប្រេស៊ីល។

បែលហ្ស៊ិកដែលចាញ់បារាំងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំង World Cup និង Nations League បានឈរនៅលើកំពូលតារាងអស់រយៈពេល ៣ ឆ្នាំហើយ។ បែលហ្ស៊ិកបានបន្ថែមពិន្ទុចំណាត់ថ្នាក់ច្រើនជាងបារាំងជាមួយនឹងកំណត់ត្រាល្អប្រសើររហូតមកដល់ពេលនេះ សម្រាប់កម្មវិធីប្រកួតជម្រុះ World Cup បច្ចុប្បន្ន នៅវគ្គចែកពូល និងវគ្គជម្រុះតាមពូលនៃពានរង្វាន់អឺរ៉ុបឆ្នាំនេះ។

ម្ចាស់ជើងឯក Euro 2020 អ៊ីតាលីបានឈរនៅលេខរៀងទី ៤ រីឯអង់គ្លេសទម្លាក់លេខ ២ មកដល់លេខ ៥ ។ ចំណាត់ថ្នាក់កំពូលទាំង ១០ ត្រូវបានបញ្ចប់ដោយម្ចាស់ជើងឯក Copa America អាហ្សង់ទីន អេស្ប៉ាញ ព័រទុយហ្កាល់ ម៉ិកស៊ិក និងដាណឺម៉ាក។

ចំណាត់ថ្នាក់នេះនឹងត្រូវធ្វើឡើង នៅពេល FIFA ធ្វើការប្រកួតសម្រាប់ការចាប់ឆ្នោត World Cup លើកក្រោយ ហើយវាត្រូវបានកំណត់សម្រាប់ថ្ងៃទី ១ ខែមេសា នៅទីក្រុងដូហា ប្រទេសកាតា។ សេណេហ្កាល់គឺជាប្រទេសជាប់ចំណាត់ថ្នាក់ល្អបំផុតរបស់ទ្វីបអាហ្វ្រិកនៅលេខ ២០ ខណៈអ៊ីរ៉ង់ជាប្រទេសអាស៊ីមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅលេខ ២២ ។ ម្ចាស់ផ្ទះបាល់ទាត់ពិភពលោកកាតាម្ចាស់ជើងឯកអាស៊ីឆ្នាំ ២០១៩ គឺលេខ ៤៦ ៕

Most Popular

To Top