កីឡា

ការប្រកួតកីឡាស្ប៉េស្យាល់ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បញ្ចប់ដោយផ្លែផ្កា ល្អបំផុត

ភ្នំពេញ៖អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តបាត់ដំបង បានរៀបចំកម្មវិធីប្រកួតកីឡាស្ប៉េស្យាល់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ស្ថិតក្នុងក្លឹបបាល់ទាត់ស្ប៉តធីង កាឡាក់ស៊ី (Sporting Galaxy Club) សង្កាត់ស្លាកែត ក្រុងបាត់ដំបងក្រោមអធិបតីភាពលោក ឃ្លាំង ចន្ទូ អគ្គលេខាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជាតំណាងប្រធាន SOC មានការចូលរួមពីលោក ចាប សុខម៉េង អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ និងប្រតិភូខេត្តបន្ទាយមានជ័យ។

ការប្រកួតខាងលើកនេះមានគ្រូបង្វឹក អាជ្ញាកណ្តាល អាណាព្យាបាល កីឡាករ កីឡាការិនី សរុប ៦៧ នាក់ ។ អត្តពលកម្ម ៖វិញ្ញាសារត់ល្បឿន ៥០ ម៉ែត្របុរស ៖ មេដាយមាសបានទៅលើ កីឡាករ សោម ប៊ុនសុង ខេត្តបាត់ដំបង មេដាយប្រាក់បានទៅលើ កីឡាករ ថាមេណា ម៉ានីត ខេត្តបាត់ដំបង និងមេដាយសំរិទ្ធបានទៅលើកីឡាករ រ័ត្ន វឌ្ឍនា ខេត្តបន្ទាយមានជ័យ ចំណែកវិញ្ញាសារត់ល្បឿន ៥០ ម៉ែត្រនារី ៖ មេដាយមាសបានទៅលើកីឡាការិនី ហែម ធាវី ខេត្តបាត់ដំបង មេដាយប្រាក់បានទៅលើកីឡាការិនី ហុក ស្រីមុំ ខេត្តបន្ទាយមានជ័យ និងមេដាយសំរិទ្ធបានទៅលើកីឡាការិនី ទិន រក្សា ខេត្តបាត់ដំបង ។

ចំពោះប្រភេទកីឡាប៊ូល ៖ វិញ្ញាសាក្រុម ៤ ទល់៤ មេដាយមាសបានទៅលើខេត្តបាត់ដំបង មេដាយប្រាក់បានទៅលើ ខេត្តបន្ទាយមានជ័យ រីឯវិញ្ញាសា ២ទល់២ មេដាយមាសបានទៅលើបាត់ដំបង Bមេដាយប្រាក់បានទៅលើបាត់ដំបង A និងមេដាយសំរិទ្ធបានទៅលើខេត្តបន្ទាយមានជ័យ ។

វិញ្ញាសា ១ទល់១ បុរស ៖មេដាយមាសបានទៅលើកីឡាករ សោម ប៊ុនសុង ខេត្តបាត់ដំបង មេដាយប្រាក់បានទៅលើកីឡាករ ខេមរិទ្ធ សទ្ធាវ័ន្ត ខេត្តបន្ទាយមានជ័យ ។ វិញ្ញាសា ១ទល់១ នារី ៖ មេដាយមាសបានទៅលើកីឡាការិនី ឡយ សុខន ខេត្ត បន្ទាយមានជ័យ និងមេដាយកីឡាការិនី បានទៅលើធី ស្រីល័ក្ខ ខេត្តបាត់ដំបង ។

លទ្ធផល ៖ វិញ្ញាសាបាល់ទាត់ មេដាយមាសបានទៅលើក្រុមបាត់ដំបង A មេដាយប្រាក់បានទៅលើបានទៅក្រុមខេត្តបន្ទាយមានជ័យ និងមេដាយប្រាក់បានទៅលើ បានទៅក្រុមខេត្តបាត់ដំបង B៕ដោយ៖លី ភីលីព

Most Popular

To Top