កីឡា

ខេមរសហព័ន្ធតេក្វាន់ដូ WT ប្រកាសការប្រកួតជើងឯក កីឡាតេក្វាន់ដូ WT ថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នាពាក់កណ្តាលខែឆ្នូ

ភ្នំពេញ៖ ខេមរសហព័ន្ធតេក្វាន់ដូ ប្រកាសជូនដំណឹង ដល់ប្រធានក្លិបកីឡាតេក្វាន់ដូ WT ពេញសិទ្ធិទូទាំងរាជធានី-ខេត្ត បានជ្រាបថា សហព័ន្ធនឹងរៀបចំការប្រកួត ជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ WT ថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតបើកឲ្យដំណើរការ ទូទាំងប្រទេសលើគ្រប់វិស័យឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងចំណារឯកភាព ជាគោលការណ៍របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ យោងលិខិតលេខ ២៥១/២១ ខសត.សណ ស្ដីពីការស្នើសុំអនុញ្ញាត ជាគោលការណ៍រៀបវគ្គបណ្តុះបណ្តាល និងប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១។

លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT តំណាងឲ្យលោក បណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុនរដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរសហព័ន្ធកីឡា តេក្វាន់ដូWTបានមានប្រសាសន៍ថា ការប្រកួតជ្រើសរើសជើងឯក កីឡាតេក្វាន់ដូ WT ឆ្នាំ២០២១នេះ សហព័ន្ធសម្រេចដាក់វិញ្ញាសា ចំនួន១៧ ក្នុងនោះវិញ្ញាសាប្រយុទ្ធ ១០ប្រភេទទម្ងន់ និងវិញ្ញាសាសម្តែងមេគុន ចំនួន៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ។

លោកបណ្ឌិតបានបន្តថា វិញ្ញាសាប្រយុទ្ធ១០ប្រភេទ ទម្ងន់រួមមានបុរសមាន៥ប្រភេទទម្ងន់ គឺទម្ងន់ក្រោម ៥៤គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៥៨គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៦៣គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៦៨គ.ក្រ អាយុ១៧ឆ្នាំឡើង និងទម្ងន់ ៦៨គ.ក្រឡើង អាយុ១៧ឆ្នាំឡើង។ចំណែកនារីមាន៥ប្រភេទទម្ងន់ដូចគ្នា គឺទម្ងន់ក្រោម ៤៦គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៤៩គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៥៣គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៥៧គ.ក្រ អាយុ១៧ឆ្នាំឡើង និងទម្ងន់ ៥៧គ.ក្រឡើង អាយុ១៧ឆ្នាំឡើង។

រីឯវិញ្ញាសាសម្តែងមេគុនចំនួន៧ រួមមានឯកត្តជនបុរស អាយុ១២-១៤ឆ្នាំ ឯកត្តជននារីអាយុ១២-១៤ឆ្នាំ ឯកត្តជនបុរសអាយុ ១៥-១៧ឆ្នាំ ឯកត្តជននារីអាយុ១៥-១៧ឆ្នាំ ឯកត្តជនបុរសអាយុ១៨ឆ្នាំឡើង ឯកត្តជននារីអាយុ១៨ឆ្នាំឡើង និងវិញ្ញាសាជាគូ (បុរស-នារី)អាយុ១៨ឆ្នាំឡើង៕ ដោយ៖លី ភីលីព

Most Popular

To Top