កីឡា

Nadal ឆ្លងមេរោគ COVID ចំពេលការប្រកួតចុងក្រោយ ចំពោះកីឡាករវាយកូនបាល់

ម៉ាឌ្រីដ៖ កីឡាករវាយកូនបាល់លំដាប់ពិភពលោក ជនជាតិអេស្បាញ លោក Rafael Nadal បាននិយាយថា លោកបានធ្វើតេស្តិ៍វិជ្ជមាន មេរោគ COVID-19 ដោយធ្វើឲ្យមានការងឿងឆ្ងល់ ចំពោះការចូលរួមរបស់លោក នៅក្នុងកម្មវិធី Australian Open នៅខែក្រោយ ដោយលោកត្រូវបានគេរំពឹងថា នឹងត្រឡប់មកការប្រកួតដ៏សំខាន់វិញ បន្ទាប់ពីរបួសជាច្រើនខែ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

អតីតកីឡាករលំដាប់លេខ១ ពិភពលោករបស់អេស្ប៉ាញរូបនេះ បាននិយាយថា លោកបានធ្វើតេស្តិ៍នៅពេលលោកត្រឡប់ មកប្រទេសអេស្ប៉ាញពីទីក្រុង Abu Dhabi ជាកន្លែងដែលលោកបានចូលរួម ក្នុងការប្រកួតពិព័រណ៍ កាលពីសប្តាហ៍មុនជាលើកទីមួយ របស់លោកចាប់តាំងពីខែសីហា ដោយសាររបួសជើង។ លោកបានសរសេរនៅលើ Twitter ថា ខ្ញុំកំពុងឆ្លងកាត់ពេលវេលា មិនល្អមួយចំនួន ប៉ុន្តែខ្ញុំជឿជាក់ថា ខ្ញុំនឹងប្រសើរឡើងបន្តិចម្តងៗ ឥឡូវនេះ ខ្ញុំត្រូវបានគេបង្ខាំងនៅផ្ទះ ហើយបានជូនដំណឹង ដល់អ្នកដែលធ្លាប់ទាក់ទងជាមួយខ្ញុំ។

លោកបានបន្ថែមថា ជាផលវិបាកនៃស្ថានភាពនេះ ខ្ញុំត្រូវតែមានភាពបត់បែនទាំងស្រុង ជាមួយនឹងប្រតិទិនរបស់ខ្ញុំ ហើយខ្ញុំនឹងវិភាគជម្រើស របស់ខ្ញុំអាស្រ័យលើការវិវត្តរបស់ខ្ញុំ ។ ខ្ញុំនឹងជូនដំណឹង ដល់អ្នកអំពីការសម្រេចចិត្តណាមួយ អំពីការប្រកួតនាពេលអនាគតរបស់ខ្ញុំ។ កីឡាករវ័យ ៣៥ ឆ្នាំរូបនេះគ្រោងនឹងហោះហើរ ទៅកាន់ទីក្រុង Melbourne នៅចុងខែនេះ ដើម្បីប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ ATP មុនព្រឹត្តិការណ៍ Australian Open ដែលចាប់ផ្តើមនៅ Melbourne Park នៅថ្ងៃទី ១៧ ខែមករា។

ម្ចាស់ជើងឯកធំ ២0 សម័យបានជួបបញ្ហារបួសជើង អស់រយៈពេល ៦ ខែចុងក្រោយនេះ ដោយបង្ខំឲ្យលោកខកខាន ការប្រកួត Wimbledon និង US Open ។ លោក Nadal បានចាញ់អតីតកីឡាករលេខមួយ ពិភពលោក Andy Murray ក្នុងការប្រកួតតាំងពិពណ៌ កាលពីថ្ងៃសុក្រក្នុងទីក្រុង Abu Dhabi ដែលជាការប្រកួតដំបូងរបស់លោក ចាប់តាំងពីខែសីហាមក៕ ដោយ៖លី ភីលីព

Most Popular

To Top