កីឡា

អ្នកគាំទ្រធ្វើដំណើរទៅ World Cup នៅកាតា និងក្រុមហ៊ុនចូលរួមការប្រកួតបានព្រមាន អំពីហានិភ័យនៃឧក្រិដ្ឋកម្ម តាមអ៊ីនធើណេត

កាតា៖ អ្នកជំនាញផ្នែកសន្តិសុខ បាននិយាយថា មានការកើនឡើងនូវគេហទំព័រ ដែលបានចុះឈ្មោះថ្មីរួចហើយ ដោយបានធ្វើការក្លែងបន្លំទំព័រ FIFA 2022 World Cup ហើយការប៉ុនប៉ងបន្លំ ទំនងជាកើនឡើង រហូតដល់ការប្រកួតចាប់ផ្តើម នៅថ្ងៃទី ២០ ខែវិច្ឆិកាយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

អ្នកជំនាញមួយរូបកំពុងព្រមានថា អ្នកគាំទ្រ និងអាជីវកម្មដែលពាក់ព័ន្ធនឹងការប្រកួត World Cup មានហានិភ័យពីការកើនឡើង នៃឧក្រិដ្ឋកម្មតាមអ៊ីនធើណេត និងការបោកប្រាស់តាមអ៊ីនធើណេត។ លោក Henry Wilkinson ប្រធានផ្នែកស៊ើបការណ៍ នៅក្រុមហ៊ុនស៊ើបការណ៍សន្តិសុខ Dragonfly ព្រមានថានឹងមានការកើនឡើងដ៏ធំ នៃឧក្រិដ្ឋកម្មតាមអ៊ីនធើណេត ផ្តោតលើមនុស្ស និងក្រុមហ៊ុន ដោយសារតែចំនួនមនុស្សចង់ចូលរួម និងធ្វើដំណើរនៅទីនោះ។

លោកបានបន្តថា មានភស្តុតាងរួចទៅហើយ នៃការកើនឡើង នៃការខិតខំប្រឹងប្រែង ដើម្បីបោកប្រាស់មនុស្សគ្រោងទៅប្រកួតនឹងចាប់ផ្តើមនៅប្រទេសកាតា នៅថ្ងៃទី ២០ ខែវិច្ឆិកា។ វាកើតឡើងនៅពេល FIFA បាននិយាយថា មានសំបុត្រប្រហែលកន្លះលាននៅសល់ ក្នុងចំណោម៣លាននឹងត្រូវដាក់លក់។

ទន្ទឹមនឹងនេះ ហានិភ័យចំពោះអាជីវកម្មទំនងជា នឹងមកពីអ្នកវាយប្រហារតាមអ៊ីនធើណេត ព្យាយាមជម្រិតទារប្រាក់ពីអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ដែលមានទម្រង់ខ្ពស់បែបនេះ។ លោក Wilkinson មានប្រសាសន៍ថា មានការកើនឡើង នៃការបោកប្រាស់តាមអ៊ីនធើណេត និងយុទ្ធនាការបន្លំនៅជុំវិញ ព្រឹត្តិការណ៍កីឡាអន្តរជាតិ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ដោយសារភាពល្បីល្បាញជាសកលនៃ FIFA World Cup និងតម្រូវការខ្ពស់សម្រាប់សំបុត្រ និងការធ្វើដំណើរ ឧក្រិដ្ឋជនតាមអ៊ីនធើណេត ប្រហែលជានឹងបន្តសកម្មភាពស្រដៀងគ្នានេះ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top