កីឡា

តាម​ពិត​ទៅ Messi អាច​មាន​ឱកាស​ឈ្នះ World Cup តាំង​ពីឆ្នាំ ២០១០ ម៉្លេះ

ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ឈ្នះ World Cup ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន កាល​ពី​ឆ្នាំ ២០២២​ នៅ​ប្រទេស​កាតា។ ពាន​មួយ​នេះ គឺ​ជា​ពាន​ធំ​ចុង​ក្រោយ​ក្នុង​ពិភព​បាល់ទាត់​ដែល​កីឡាករ​រូប​នេះ​សម្រេច​បាន។ ទោះ​ជា​យ៉ាង​ណា អតីត​ខ្សែ​ប្រយុទ្ធ Barcelona រូប​នេះ អាច​មាន​ឱកាស​ឈ្នះ​ពាន World Cup តាំង​ពី​ឆ្នាំ ២០១០ មក​ម៉្លេះ។ មូលហេតុ​គឺ​ដូច​ត​ទៅ។

ថ្វី​បើ​កើត​នៅ​អាហ្សង់ទីន Messi និង​ក្រុម​គ្រួសារ​បាន​មក​រស់​នៅ​អេស្ប៉ាញ​តាំង​ពី​កីឡាករ​មាន​អាយុ ១៣ ឆ្នាំ ហើយ​ប្រកប​ជា​កីឡាករ​អាជីព​របស់​ក្លឹប Barcelona ជិត ២០ ឆ្នាំ។ ការ​រួមរស់​នៅ​អេស្ប៉ាញ​បែប​នេះ ធ្វើ​ឲ្យ​ Messi ទទួល​បាន​សញ្ជាតិ​អេស្ប៉ាញ។ នេះ​មាន​ន័យ​ថា Messi មាន​សញ្ជាតិ​ពីរ ពោល​គឺ​ អាហ្សង់ទីន និង​អេស្ប៉ាញ។

ការណ៍​នេះ បើក​ឱកាស​ឲ្យ Messi នូវ​ជម្រើស​ពីរ ក្នុង​ការ​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ គឺ​អាហ្សង់ទីន និង​អេស្ប៉ាញ។ កាល​ពី​ឆ្នាំ ២០០៣ សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ បាន​អញ្ជើញ​ផ្លូវ​ការ​ឲ្យ Messi ដែល​ពេល​នោះ​មាន​វ័យ​ត្រឹម​ ១៦ ឆ្នាំ ចូល​រួម​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ។ ទោះ​ជា​យ៉ាង​ណា Messi បាន​បដិសេធ ដោយ​សារ​ចង់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ ដែល​ជា​ប្រទេស​កំណើត​របស់​ខ្លួន។

តាំង​ពី​ឆ្នាំ ២០០៤ មក​ Messi លេង​ឲ្យ​អាហ្សង់ទីន ហើយ​មួយ​ឆ្នាំ​ក្រោយ​ចូល​រួម​ជាមួយ​ឈុត​ធំ។ គិត​មក​ទល់​ពេល​នេះ កីឡាករ​លេង​បាន​ ១៨០ ប្រកួត និង​ស៊ុត​ចូល ១០៦ គ្រាប់ ហើយ​ជួយ​ក្រុម​ជម្រើស​ជាតិ​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន​រួម​មាន World Cup នៅ​ឆ្នាំ ២០២២ Copa America ឆ្នាំ ២០២១ និង CONMEBOL-UEFA Cup នៅ​ឆ្នាំ ២០២២។

ដោយ​ឡែក​ ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​ឈាន​ដល់​យុគ​មាស​នៅ​អំឡុង​ពេល​ពី​ឆ្នាំ ២០០៥ ទៅ ២០១២ ដោយ​ក្រុម​ជម្រើស​ជាតិ​ពោរ​ពេញ​ដោយ​កីឡាករ​ល្អៗ ដូច​ជា Iniesta និង Xavi។ ក្រុម​នេះ​បាន​ឈ្នះ​ពាន​ Euro ឆ្នាំ ២០០៨ និង​ម្តង​ទៀត​នៅ​ឆ្នាំ ២០១២។ លើស​ពី​នេះ អេស្ប៉ាញ​បាន​ឈ្នះ​ពាន World Cup ២០១០។

ដូច្នេះ បើ​សិន​ជា​ Messi ចូល​រួម​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​តាម​ការ​អញ្ជើញ​របស់​សហព័ន្ធ​កាល​ពី​ឆ្នាំ ២០០៣ តើ​ Messi អាច​នឹង​ឈ្នះ​ពាន World Cup នៅ​ឆ្នាំ ២០១០ ឬ​ទេ? តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ?៕

ប្រភព៖https://news.sabay.com.kh/article/1352941#utm_campaign=onpage

Most Popular

To Top